(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងវគ្គ NBC – FSI Connect លើកទី១៤ មានសិក្ខាកាមចំនួន៦៩រូបចូលរួមប្រឡង ដោយមានការត្រួតពិនិត្យផ្ទាល់ពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
វគ្គ Financial Stability Institute របស់ធនាគារជាតិនៃកម្ពុជា (NBC-FSI Connect) ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារ ដែលត្រូវបានបង្កើតឡើងក្រោម ការផ្តួចផ្តើមរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីកសាង សមត្ថភាពធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងដែលមានស្រាប់ ជាពិសេស ដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាមការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិអំពីការត្រួតពិនិត្យ។
វគ្គ NBC-FSI Connect នេះ តម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបីកម្រិតគឺ កម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់ សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំ ហើយនៅខែមិថុនា ឆ្នាំ២០១៦ នេះ ធនាគារជាតិនៃកម្ពុជា បានទិញសិទ្ធិសិក្សាជូនមន្ត្រីបុគ្គលិកសរុបប្រមាណ ២៣៧ រូបដាក់ឱ្យដំណើរការសិក្សា និងបានរៀបចំឲ្យប្រឡងជាផ្លូវការជាបន្តបន្ទាប់ ។
ដើម្បីធានាគុណភាពសិក្សា សិក្ខាកាមទាំងអស់ត្រូវបានតម្រូវឱ្យប្រឡងជាផ្លូវការចំពោះមុខ គណៈកម្មការគ្រប់គ្រងវគ្គ ក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់លោក ទេសាភិបាល រាល់ពេលបញ្ចប់មុខវិជ្ជានីមួយៗ រហូតដល់ពេលបញ្ចប់កម្រិតទាំងបី ។
សូមបញ្ជាក់ថា វគ្គនេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement - BIS) ដែលមាន ស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស បច្ចុប្បន្ននេះ ធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុ សាធារណៈជាង ៣០០ នៅលើពិភពលោក បានទិញសិទ្ធិសិក្សាជូនមន្ត្រីខ្លួនដើម្បីលើកកម្ពស់ គុណវុឌ្ឍិផ្នែកត្រួតពិនិត្យធនាគារ ហើយមានសិក្ខាកាមសរុបចំនួន ជាង ១០.០០០នាក់ កំពុងសិក្សា៕