Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានលម្អិត៖ អ្នកទោស៥នាក់ នៅខេត្តកំពង់ស្ពឺ ដែលហែកគុករត់គេចខ្លួន ជាមុខ​សញ្ញាប្លន់ ឃាតកម្ម និងគ្រឿងញៀន, នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន (Video inside)

20-06-2017 12:08

(កំពង់ស្ពឺ)៖ អ្នកទោស៥នាក់ នៅខេត្តកំពង់ស្ពឺ ដែលហែកគុករត់គេចខ្លួន កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានមន្ដ្រីអនុរក្សពន្ធនាគារ បញ្ជាក់ថា ពួកគេជាប់ពាក់ព័ន្ធនឹងបទល្មើសប្លន់ទ្រព្យសម្បត្តិ ឃាតកម្មគិតទុកជាមុន និងជួញដូរគ្រឿងញៀនខុសច្បាប់។ អ្នកទោសទាំង៥នាក់នេះ មានម្នាក់ជាទណ្ឌិត ម្នាក់ជាពិរុទ្ធជន និង៣​នាក់ទៀតជាជនត្រូវចោទ។

លោក កាក់ សាវុន ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះថា អ្នកទោសទាំង៥នាក់ ដែលបានរត់គេចខ្លួននោះ សុទ្ធតែមានជំងឺប្រចាំកាយ។

លោកបញ្ជាក់ថា មុនពេលកើតហេតុ ពួកគេទាំង៥នាក់ ត្រូវបានមន្ដ្រីរបស់លោក នាំទៅសម្រាកព្យាបាល នៅប៉ុស្ដិ៍សុខភាពរបស់ពន្ធនាគារខេត្ត ដោយសារតែពួកគេ មានជំងឺហើយនៅម៉ោងប្រហែល២រំលងអាធ្រាត្រទាំងនេះ បានរួមគ្នាហែកដំបូលប៉ុស្ដិ៍សុខភាពរត់គេចខ្លួនតែម្ដង។ បើតាមលោក កាក់ សាវុន រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ពួកគេត្រឡប់មកវិញ។

មន្ដ្រីអនុរក្សពន្ធនាគារបានបញ្ជាក់ថា អ្នកទោសទាំង៥នាក់ខាងលើនេះ រួមមាន៖ ទី១៖​ ឈ្មោះ កែវ អែម ហៅខៀវ រិទ្ធី អាយុ៤៧ឆ្នាំ រស់នៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ គឺជាពិរុទ្ធជន ពាក់ព័ន្ធបទល្មើសប្លន់ទ្រព្យសម្បតិ្ត, ទី២៖ ឈ្មោះ ឃុន សុភឿន អាយុ២១ឆ្នាំ រស់នៅភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាទណ្ឌិត ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់, ទី៣៖ ឈ្មោះ ស៊ុ ម៉ូច អាយុ៣២ឆ្នាំ រស់នៅភូមិតាជៀល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាជនជាប់ចោទ ពាក់ព័ន្ធបទល្មើសឃាតកម្មគិតទុកជាមុន, ទី៤៖ ឈ្មោះ ឡុង ប៊ុនណាត អាយុ៣០ឆ្នាំ រស់នៅភូមិបឹងរងាង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាជនជាប់ចោទ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ និងទី៥៖ ឈ្មោះ រុន រ៉ានី អាយុ២២ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាជនជាប់ចោទ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់៕