(ភ្នំពេញ)៖ អភិបាលខេត្តថ្មី កោះកុង ត្បូងឃ្មុំ និងកំពង់ចាម ដែលត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តនោះ នឹងត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៣ និងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកស្រី មិថុនា ភូថង ដែលគ្រោងកាន់តំណែងជាអភិបាលខេត្តកោះកុងថ្មី បានប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា ពិធីប្រកាសចូលកាន់តំណែងផ្លូវការរបស់លោកស្រី នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង។

ដោយឡែកលោក គួច ចំរើន គ្រោងកាន់តំណែងជាអភិបាលខេត្តកំពង់ចាមថ្មី ក៏បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងរូបលោកឲ្យចូលកាន់តំណែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខណៈដែលខេត្តត្បូងឃ្មុំ នឹងធ្វើឡើងនៅព្រឹកថ្ងៃដដែលនោះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង។

អភិបាលខេត្តទាំង៣នោះរួមមាន៖

១៖ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ
២៖ លោក លី ឡេង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ
៣៖ លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត៕