(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា ការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិ គឺជាទំនើបកម្ម ដែលក្រសួងត្រូវតែធ្វើឡើង ដើម្បីឱ្យកិច្ចការកំណែទម្រង់ ទទួលបានជោគជ័យ។
លោករដ្ឋមន្ត្រីបានលើកឡើងថា រហូតមកដល់ពេលនេះ ការអនុវត្តតាម អនុក្រឹត្យ១១៣ រាជរដ្ឋាភិបាលបានសម្រេចរួចមកហើយប៉ុន្តែនៅមិនទាន់ អនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនៅ ឡើយទេ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រសួងមហាផ្ទៃ ជួយសម្របសម្រួលយ៉ាងម៉ឺងម៉ាត់ ដល់ការអនុវត្ត អនុក្រឹត្យលេខ១១៣ ដើម្បីឱ្យទទួលបានជោគជ័យផងដែរ។
លោក សាយ សំអាល់ បានអះអាងបែបនេះ ខណៈលោក បានចូលរួមបើកសិក្ខាសាលាស្តីពី ការកសាង និងអភិវឌ្ឍសមត្ថភាព ជំនាញបន្ថែម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើមុខងាដែលក្រសួងបានប្រគល់ និងប្រិតិភូកម្មជូន រៀបចំធ្វើឡើង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅក្រសួងបរិស្ថាន ។
សិក្ខាសាលានេះ ក៏មានការចូលរួមពី លោក អ៊ុំ ម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនឹងមន្ត្រីមន្ទីរបរិស្ថាន អាជ្ញាធរក្រុងស្រុក ខណ្ឌ និងឃុំ-សង្កាត់ ថ្នាក់ក្រោមជាតិមកពីទូទាំងប្រទេស។
គួរបញ្ជាក់ថា អនុក្រឹត្យ១១៣ គឺជាអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់ទីក្រុង ដែលក្រសួងបរិស្ថាន ផ្តល់បច្ចេកទេស គាំទ្រការសម្របសម្រួល រៀបគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ និងតាមដាន ត្រួតពិនិត្យការគ្រប់គ្រងសំរាម។ ដោយឡែក ក្រសួងមហាផ្ទៃ គឺជាដៃគូសម្របសម្រួល និងកៀរគរការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងផ្តល់កិច្ចអន្តរាគមន៍ ដើម្បីការអនុវត្ត។
សម្រាប់ការអនុវត្តកំណែទម្រង់ថ្នាក់ក្រោមជាតិ លោក អ៊ុំ ម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ ដល់ក្រសួងបរិស្ថាន ដែលបានឈានមុខក្នុងការផ្ទេរអំណាច តួនាទី ភារកិច្ច និងថវិកាទៅថ្នាក់ក្រោមជាតិផងដែរ៕