(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីដាក់ពាក្យប្តឹង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយសារតែប្រធានគណបក្សប្រឆាំង បានប្រើប្រាស់សារនយោបាយ នាំឱ្យមានការរើសអើង គណបក្សនយោបាយ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកចន្ទថា គោលបំណងនៃការប្តឹងរបស់លោក គឺចង់ទាមទារ ស្វែងរកសេចក្តីថ្លៃថ្នូរជូន គណបក្សតូចៗ និងគណបក្សយុវជនកម្ពជា ព្រមទាំងឱ្យ លោក កឹម សុខា ទទួលខុសត្រូវចំពោះមុខច្បាប់។
លោកបានបន្ថែមថា លោក កឹម សុខា បានចាត់ទុកសន្លឹកឆ្នោតរបស់បក្សផ្សេងក្រៅពីបក្សគាត់ថា ជាការបង្ហិនសន្លឹកឆ្នោត ដែលឆ្លុះបញ្ចាំងពីការរំលោភសិទ្ធិរបស់ ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ មិនតែប៉ុណ្ណោះ លោក ពេជ្រ ស្រស់ ថ្លែងថា លោក កឹម សុខា បានបញ្ឆេះឲ្យមានការរើសអើងគណបក្សនយោបាយ ដោយគាត់បាននិយាយថាស្រុកខ្មែរ គឺមានបក្សតែពីរ ដែលអាចបម្រើពលរដ្ឋបាន ជាពិសេសមានតែ គណបក្សសង្រ្គោះជាតិតែម្តង៕