(កណ្ដាល)៖ លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា គ្រាប់ប្រភេទបាញ់បុក ចំនួន១,៨០០គ្រាប់ ត្រូវបានក្រុមជំនាញរកឃើញនៅក្នុងរណ្ដៅ ដែលលាក់នៅសម័យសង្គ្រាម សម្រាប់វាយប្រយុទ្ធគ្នា នៅថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧។
អគ្គនាយក CMAC រូបនេះ បានបញ្ជាក់ថា រណ្ដៅដែលលាក់ទុកគ្រាប់ សម្រាប់ធ្វើការវាយប្រយុទ្ធគ្នានេះ ស្ថិតក្នុងភូមិព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលគ្រាប់នេះទុកក្នុងផ្ទះ លុះម្ចាស់ផ្ទះត្រូវសាងសង់ផ្ទះថ្មីទើបប្រទះឃើញ ហើយរាយការណ៍ជូនសមត្ថកិច្ចជំនាញតែម្ដង។
លោក ហេង រតនា បានបញ្ជាក់នៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «នៅថ្ងៃទី១៩ ខែមិថុនានេះ ក្រុមជំនាញស៊ីម៉ាក់ បានដោះស្រាយគ្រាប់លាក់ទុកចំនួន១,៨០០គ្រាប់ សុទ្ធតែជាប្រភេទគ្រាប់បាញ់បុក (Rocket Launchers) ប្រភេទ៦០មម, ៨១មម, ៨២មម និងB40 ដែលគ្រាប់ទាំងនេះ អាចកប់លាក់ទុកក្នុងមុនការវាយប្រយុទ្ធគ្នានៅថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ នេះជារបៀបចល័ត និងលាក់ទុកគ្រាប់ និងអាវុធកែ្បរៗគោលដៅសមភូមិប្រយុទ្ធ! គ្រាប់ទាំងនេះទុកក្នុងផ្ទះ លុះត្រូវសាងសង់ផ្ទះ (ម្ចាស់ផ្ទះថី្ម) ភ័យខ្លាចផ្ទុះទើបរាយការណ៍មកសមត្ថកិច្ច និងក្រុមជំនាញស៊ីម៉ាក់»។
លោកបានលើកឡើថាដែរថា នេះជាករណីដ៏តូចមួយ នៃភាពបែកបាក់ និងចរិកសង្គ្រាមកាប់សម្លាប់ខែ្មរគ្នាឯង ក្នុងសម័យទំនើបនៅកម្ពុជា៕