(ភ្នំពេញ)៖ រយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃ០១ ដល់១៩ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨៨លើក ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៨៩នាក់ រងរបួសចំនួន៣២០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន២៣២នាក់ និងរបួសស្រាលចំនួន៨៨នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថារយៈពេល១៩ថ្ងៃនេះ បណ្ដាលឲ្យខូតខាងម៉ូតចំនួន ២០៥គ្រឿង, រថយន្ដធុនតូចចំនួន ៧៨គ្រឿង, រថយន្ដធុនធំចំនួន៤៤គ្រឿង, យានយន្ដផ្សេងៗចំនួន២១គ្រឿង និងអ្នកថ្មើរជើងចំនួន២០នាក់។ ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងនេះរួមមាន ល្មើសល្បឿន ចំនួន៦៤លើក, ស្រវឹងចំនួន១៦លើក, ប្រជែងចំនួន១៧លើក, មិនគោរពសិទ្ធិ៣៤លើក, មិនប្រកាន់ស្ដាំចំនួន៣២លើក, បត់គ្រោះថ្នាក់ចំនួន១៧លើក, ងងុយដេកចំនួន២លើក និងកត្តាយានយន្ដចំនួន៦លើក។
របាយការណ៍បញ្ជាក់ទៀតថា ខេត្តដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន ខេត្ត កណ្ដាលកើតឡើងចំនួន២០លើក, ភ្នំពេញចំនួន២៨លើក, តាកែវចំនួន១០លើក, បាត់ដំបងចំនួន១២លើក, កោះកុងចំនួន៦លើក, បន្ទាយមានជ័យចំនួន៩លើក, កំពង់ស្ពឺចំនួន៧លើក, កំពតចំនួន៨លើក, កំពង់ចាមចំនួន១០លើក និងកំពង់ធំចំនួន៩លើក៕