ព្រះរាជអាជ្ញាខេត្តរតនគិរី បញ្ជាឲ្យរដ្ឋបាលព្រៃឈើស្ទាក់ចាប់ រថយន្តបាឡែនមួយគ្រឿង លួចដឹកឈើគ្រញូង រកឃើញជាច្រើនដុំ
19-06-2017 21:29
(រតនគិរី)៖ ព្រះរាជអាជ្ញាខេត្តរតនគិរី លោក ជា ពេជ្រ បានបញ្ជាឲ្យកម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកវ៉ឺនសៃ ស្ទាក់ចាប់រថយន្តបាឡែន ពណ៌សមួយគ្រឿង គ្មានស្លាកលេខ ផ្ទុកឈើគ្រញូងពេញ ខណៈកំពុងធ្វើដំណើរចូលក្រុងបានលុង នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រង់ចំណុចវាលថ្មរំប្លង់ ស្ថិតក្នុងភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ប៉ុន្តែអ្នកបើករថយន្តដឹកឈើនោះ បើកទ្វាររត់គេចខ្លួនបាត់។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកវ៉ឺនសៃ ប្រាប់ឲ្យដឹងថាបន្ទាប់ពីទទួលបទបញ្ជាពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តរតនគិរី ឲ្យដាក់កម្លាំងចាំស្ទាក់ចាប់ រួចមកលោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើវ៉ឺនសៃ បានដឹកនាំកម្លាំងស្ទាក់ចាប់បាន ត្រង់ចំណុចទីតាំងខាងលើតែម្តង។
បច្ចុប្បន្នវត្ថុតាងនាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ចាត់ការតាមច្បាប់៕