(ភ្នំពេញ)៖ ដើម្បីរំលឹកដល់វីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្ត ៤រូបផ្សេងទៀត ក្នុងការធ្វើដំណើរឆ្ពោះទៅរកការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុននោះ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានចុះស្រាវជ្រាវ និងចងក្រងបានឯកសារមួយស្តីពីដំណើរតស៊ូលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តឆ្ពោះទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រវាយរំលំរបបប៉ុលពត។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងសន្និសីទស្តីពីដំណើរការស្រាវជ្រាវនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះថា កិច្ចការស្រាវជ្រាវ និងចងក្រងឯកសារនេះ បានចំណាយរយៈពេល ៣ខែ ដោយបានចុះទៅស្រាវជ្រាវនៅគ្រប់ទីកន្លែងទាំង ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត បានធ្វើដំណើរឆ្លងកាត់នាពេលនោះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឡើងថា ការស្រាវជ្រាវ និងចងក្រងនេះ បានជួបការលំបាកច្រើន ព្រោះស្ថានភាពនាពេលបច្ចុប្បន្ន មានការប្រែប្រួល និងខុសប្លែកច្រើនបើធៀបទៅនឹង៤០ឆ្នាំមុន។ តែទោះជាយ៉ាងណា ការស្រាវជ្រាវនេះ បានរកឃើញការពិតទាំងអស់ ព្រោះក្រុមការងាររបស់លោក បានទៅរកឃើញនូវទីតាំងទាំងអស់នោះ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសវៀតណាម រួមទាំង សាក្សីជាពលរដ្ឋខ្មែរ ពលរដ្ឋវៀតណាម នៅក្នុងសម័យនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ ៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការវរសេនាធំក្នុង របបកម្ពុជាប្រជាធិបតេយ្យ និងកម្មាភិបាលជាមនុស្សជំនិតរបស់សម្តេចចំនួន ៤រូបរួមមាន លោក នុច ថន, លោក ញឹក ហួន, លោក ស៊ូ គឹមស្រ៊ាង ហៅ សាញ់ និង វ៉ា ប៉ោអៀន បានសម្រេចដ៏សែនលំបាកភៀសខ្លួនចេញពីបន្ទាយនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ឆ្ពោះទៅប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រពីប្រទេសវៀតណាម ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងដំណើរឆ្ពោះទៅរកការស្រោចស្រង់ប្រទេសជាតិ និងជីវិតប្រជាជនកម្ពុជាពីទ្វារមច្ចុរាជនេះ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានឆ្លងកាត់ឧបស័គ្គ និងគ្រោះថ្នាក់យ៉ាងច្រើន។
មកដល់ពេលនេះ យុទ្ធមិត្តទាំង៤នាក់របស់សម្តេចតេជោ ហ៊ុន សែន នៅរស់រៀនមានជីវិត តែពីរនាក់ប៉ុណ្ណោះ គឺលោក លោក នុច ថន និងលោក វ៉ា ប៉ោអៀន។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះទៅកាន់ទីតាំងស្លាកស្នាមអនុស្សាវីរីយ៍ដ៏កម្សត់ទាំងអស់នេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត និងរាជទូតនានាប្រចាំនៅកម្ពុជាផងដែរ។
សូមទស្សនាវីដេអូស្តីពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដែលចងក្រងឡើងដោយអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ!