(មណ្ឌលគិរី)៖ ច្រកទ្វារទ្វេរភាគីណាំលៀ(ហៅប៉ុស្តិ៍៧) ក្នុងស្រុកពេជ្រដា ខេត្តមណ្ឌលគិរី កំពុងក្លាយជាច្រកទ្វារនាំឈើប្រណីតខុសច្បាប់ឆ្លងដែន ទៅប្រទេសវៀតណាម យ៉ាងរលូនគ្មានការរំខាន ព្រោះមេៗប្រចាំនៅច្រកទ្វារនោះ ដូចជា ប្រធានច្រកទ្វារ មេប៉ុស្តិ៍ កាំកុងត្រូល និងគយអាចសង្ស័យមានការជាប់ពាក់ព័ន្ធ ជាមួយក្រុមឈ្មួញទាំងនោះ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាឲ្យមន្រ្តីជំនាញចុះទៅស្រាវជ្រាវជាបន្ទាន់ផងដែរ។
មន្រ្តីសមត្ថកិច្ចមូលដ្ឋាននៅតំបន់នោះ បានទម្លាយថា ការដឹកជញ្ជូនទំនិញខុសច្បាប់ ឈើប្រណីតឆ្លងដែនតាមច្រកទ្វារនេះ បានយ៉ាងងាយស្រួលយ៉ាងនេះ ដោយសារ មានការបើកភ្លើងខៀងពីលោក ហឿន សុខណា ប្រធានច្រកទ្វារទ្វារភាគីណាំលៀ(ហៅប៉ុស្តិ៍៧) ហើយនៅច្រកទ្វារនោះមានដូចជា មេប៉ុស្តិ៍ប្រចាំច្រកទ្វារឈ្មោះ សំរិទ្ធ ណយ រួមជាមួយកាំកុងត្រូល និងគយប្រចាំច្រកនៅទីនោះក៏អាចជាប់ពាក់ព័ន្ធផងដែរ ប៉ុន្តែនៅតែត្រូវបានទំនិញត្រូវប៉ាន់នេះ ដឹកជញ្ជូនឆ្លងដែនបានធូររលុងគ្មានការរំខានឡើយ។
ប្រភពពីមន្រ្តីនៅស្រុកពេជ្រាដា ក៏បានឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធនឹងឈ្មួញដឹកជញ្ជូនច្រកខាងលើនោះក៏មានលោក គង់ ដាំ មានតួនាទីជាមេបញ្ជាការយោធា គ១ ដែលមានឈ្មួញឈ្មោះ គីម ឆុង មន្រ្តីយោធា គ១ ជាកូនចៅរបស់ខ្លួន និងឈ្មោះ តាងើយ ជាដើម។
មន្រ្តីទាំងនេះបានសុំឲ្យលោក ឃិន ម៉េងស្រេង មេបញ្ជាការយោធាខេត្តមណ្ឌលគិរី មេត្តាជួយពិនិត្យមើលកូនចៅខ្លួនផង ដើម្បីកុំឲ្យមានផ្ទុយពីបទបញ្ជា។ ជុំវិញករណីនេះ លោក ស្វាយ សំអ៊ាង នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា រដ្ឋបាលសាលាខេត្ត បន្ទាប់ពីទទួលដំណឹងនេះ ភ្លាមលោកនឹងចាត់ឲ្យមន្រ្តីចុះ ធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមៗ តាមជាក់ស្តែង។
លោកអភិបាលខេត្ត ក៏បានប្រលយពាក្យបែបបង្អាប់ដល់មន្រ្តីបំរើការមួយចំនួននៅខេត្តនេះ ដែលមានការស្ពឹកស្រព័ន្ធ លោកហៅថា «មន្រ្តីមាន់សម្លរ»៕