(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានសម្រេចបង្កើតតំបន់ភ្នំយ៉ាត ឱ្យទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីប្រមាណជិត៣ម៉ឺន២ពាន់ហិកតា លាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តំបន់ភ្នំយ៉ាត មានសក្តានុពល លើទេសភាពស្រស់ត្រកាលនៃធម្មជាតិ និងដងភ្នំក្រមថ្ម និងវប្បធម៌ដែលមានរូបសំណាក់ លោកយាយយ៉ាត វត្តភ្នំយ៉ាត និងចេតិយមាស ដែលមានរចនាយ៉ាងល្អឯក។

តាមការប្រកាសរបស់ ក្រសួងបរិស្ថានដែលជាអ្នកដាក់សំណើនេះ បានបញ្ជាក់ថា ការសម្រេចបង្កើតភ្នំយ៉ាតទៅជាតំបន់បេតិកភណ្ឌធម្មជាតិនេះ គឺដើម្បីការពារតួនាទី ប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ បន្ថែមពីនេះ វាជាការការពារសោភ័ណ្ឌភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់សម្រាប់បម្រើដល់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។ លើសពីនេះ តំបន់បេតិកភណ្ឌថ្មីនេះ នឹងផ្តល់សេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសារធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

សូមរំលឹកបន្តិចថា តំបន់ភ្នំយ៉ាត គឺជាអតីតតំបន់សង្គ្រាមក្តៅជាងគេមួយ ដែលគ្រប់គ្រងដោយកងកម្លាំងខ្មែរក្រហម តាំងពីឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៨ មុនការផ្តាច់ខ្លួន ក្រោមនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាល។

នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលខេត្ត បានសំដែងការអបអរសាទរ ចំពោះការដាក់បញ្ចូលតំបន់ភ្នំយ៉ាត ទៅជាតំបន់ បេតិកភណ្ឌធម្មជាតិ ព្រោះថាតំបន់ភ្នំយ៉ាតនេះ គឺជានិមិត្តរូបតំណាងឱ្យខេត្តប៉ៃលិនទាំងមូល។ បន្ថែមពីនេះ ភ្ញៀវទេសចរណ៍ នឹងធ្វើដំណើរមកកាន់ ខេត្តជាប់ព្រំដែនដ៏ស្រស់ស្អាតមួយនេះបន្ថែមទៀត។


លោក អ៊ី ឈាន បានរំលឹកថា តាំងពីសម័យសង្គ្រាមរហូតមកដល់សន្តិភាព លោកបានប្រឹងប្រែងការពារតំបន់ទាំងនេះ មិនឱ្យមានការបំផ្លាញ សូម្បីពេលច្បាំង រវាងកងកម្លាំងខ្មែរក្រហម និងរដ្ឋាភិបាលក្រុងភ្នំពេញក៏ដោយ ក៏បញ្ជៀសមិនឱ្យប៉ះពាល់ទៅដល់តំបន់ទាំងនេះឡើយ។ រហូតមកទល់ពេលនេះ បូករួមទាំងតំបន់បេតិកភណ្ឌភ្នំយ៉ាត កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៤៦ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ តំបន់គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង ៧,៣លានហិកតា៕