(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបទីតាំងល្បែងមាន់ជល់១កន្លែង នៅចំណុចក្នុងដីឡូត៍ទំនេរ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សបានចំនួន៣នាក់ មាន់ជល់ចំនួន៥ក្បាល និងវត្ថុតាងមួយចំនួនទៀត នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើនេះ ទី១៖ ឈ្មោះ ឡុង រតនា ហៅរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ ទី២៖ ឈ្មោះ សុខ គួង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៣៖ ឈ្មោះ តុប សុភាព ហៅភ័ណ្ឌ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចដដែលបានបន្តទៀតថា មុនពេលឃាត់ខ្លួនអ្នកលេងល្បែងទាំងនោះ ដោយសារតែមានការរាយការណ៍ ពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុថា មានក្រុមញៀនល្បែង ជល់មាន់១ក្រុម កំពុងតែសម្ងំលេង នៅចំណុចខាងលើ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានឲ្យកម្លាំង ចុះទៅធ្វើការពួនស្ទាក់ ឃាត់ខ្លួនបានភ្លាមៗ ចំនួន៣នាក់ នៅនិងកន្លែងនាំយកមកសាកសួរ
និងអ្នកផ្សេងជាង២០នាក់ទៀតរត់គេចខ្លួនអស់។ លោក ម៉ក់ ហុង បានឲ្យដឹងថា សង្ស័យទាំង៣នាក់ គឺជាអ្នកញៀនល្បែង គេតែងតែលួចលាក់លេងជាប្រចាំ ទោះជាច្បាប់ហាមប្រាមយ៉ាងណាក៏ដោយ ក៏ក្រុមទាំងនេះ នៅតែប្រព្រឹត្តយ៉ាងគឃ្លើន។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ប្រាក់រៀលចំនួន ៥០០.០០០រៀល មាន់ជល់ចំនួន០៥ក្បាល ទ្រុងមាន់ចំនួន០៥ ជញ្ជីងសម្រាប់ថ្លឹង មាន់ចំនួន០១ ខ្នាយដែកចំនួន១គូរ និងស្គុតរុំខ្នាយមាន់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកសាងសុំណុំរឿងទៅតុលាការចាត់ការ ទៅតាមផ្លូវច្បាប់ពេលក្រោយ៕