(ភ្នំពេញ)៖ ក្រសួងការពារជាតិរបស់កម្ពុជា នឹងពិចារណាក្នុងការស្នើដាក់បញ្ចូល កម្មវិធីនយោបាយឈ្នះឈ្នះ និងទិវាចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប៉ុល ពត ទៅក្នុងកម្មវិធីអប់រំ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានដឹង និងយល់។ នេះបើតាម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។
នយោបាយឈ្នះឈ្នះ គឺជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំមកការបង្រួបបង្រួមជាតិ ដោយនាំកងទ័ពខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ បិទបញ្ចប់ភ្លើងសង្រ្គាមនាំមកនូវសន្តិភាពទាំងស្រុកជូនប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ននេះ។ ចំណែកឯទិវាចងចាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប៉ុល ពត គឺជាការរំលឹកដល់ការលះបង់របស់ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនខ្មែរ ព្រមទាំងអ្នកតស៊ូខ្មែរជាច្រើនទៀត ឈានវាយផ្តួលរំលំរបបប៉ុលពត៕