(កណ្តាល)៖ មុខសញ្ញាដេញកាប់ប្លន់យកម៉ូតូពីសំណាក់ប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីប៉ុន្មានថ្ងៃនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត តាមស្រាវជ្រាវរហូតឈាន ទៅដល់ការចាប់ខ្លួនបាន២នាក់ទៀតហើយ ខណៈបក្ខពួក៣នាក់មុនត្រូវចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានប្រាប់អង្គភាព Fresh News ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងចំណុចភូមិស្វាយរលំ១ ឃុំស្វាយរលំ ស្រុកស្អាង។ ជនសង្ស័យទាំង២នាក់នេះ និងបក្ខពួក៣នាក់ផ្សេងទៀត បានប្លន់ម៉ូតូពីជនរងគ្រោះកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានជនរងគ្រោះឈ្មោះ ចរិយ៉ា ភេទប្រុស រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ។
មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា «អនុវត្តតាមអនុសាសន៍ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត ព្រមទាំងមានការចង្អុលបង្ហាញដឹកនាំផ្ទាល់ពីលោកមេបញ្ជាការខេត្ត សំ តុលាក្រោមការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយលោកមេបញ្ជាការក្រុង ហៀង ចាន់ធី និងកម្លាំងជំនាញមន្ទីស្រាវជ្រាវ កងរាជអាវុធហត្ថខេត្ត បានធ្វើការស្រាវជ្រាវស៊ើបអង្កេតជាក់ស្តែង នូវករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់តែម្តង»។
ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ រ៉ាមី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ៣ ឃុំស្វាយ ប្រទៀល ស្រុកស្អាង ខេត្តកណ្តាល និងទី២-ឈ្មោះ ម៉េងហុង អាយុ១៧ឆ្នាំ ទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង៖ ម៉ូតូ០១ គ្រឿងម៉ាកC125 ពណ៌ខ្មៅ ស្លាក់លេខ កណ្តាល 1Q-3145 និងទូរសព្ទ័ម៉ាក NOKIA គ្រឿងពណ៌ខ្មៅរក្សាទុកនៅ អ.ហក្រុងតាខ្មៅ។ តាមដំណើររឿង មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកស្តុបពី ពណ៌ស ស្លាក់លេខកណ្តាល 1S-4615 មកពីហូបអី ហើយក៏ជិះទៅផ្ទះ ក៏ឈប់អង្គុយលេងជាមួយមិត្តភ័ក្ក្រនៅជិតផ្ទះម៉ោងប្រហែល១៖៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ មានជនសង្ស័យប្រហែល៥ ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពដេញកាប់ ជនរងគ្រោះ រួចយកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ បានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងអធិការក្រុងតាខ្មៅឃាត់ខ្លួនបានចំនួន០១នាក់ នៅសល់បក្ខពួកមួយចំនួនគេចខ្លួនបាត់ ដែលត្រូវចាប់ខ្លួននៅពេលនេះ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តព្រៃវែង បានស្រាវជ្រាវតាមចាប់ក្រុមឆក់ ប្លន់ ចំនួន៨នាក់ ជាបន្តបន្ទាប់ផងដែរ ដែលជាមុខសញ្ញាយ៉ាងសកម្មបំផុត៕