(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានដាស់តឿនដល់អ្នកនយោបាយ ក៏ដូចជាអ្នកដែលមាននិន្នាការប្រឆាំងថា ជិតដល់ពេលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ហើយ សូមកុំយកប្រធានបទប្រាក់ឈ្នួល ទៅញុះញង់កម្មករនិយោជិតបង្កបញ្ហាច្របូកច្របល់ អសន្តិសុខសង្គម ដូចនៅឆ្នាំ២០១៣ កន្លងទៅឲ្យសោះ។
លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «គោលនយោបាយប្រាក់ឈ្នួល» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ដែលមានការចូលរួមពី ភាគីរាជរដ្ឋាភិបាល ភាគីសមាគមនិយោជក ភាគីសហជីពកម្មករ និងអង្គការអន្តរជាតិខាងការងារ (ILO)។
លោក អ៊ិត សំហេង បានឲ្យដឹងថា ការដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ក៏ដូចជាគោលនយោបាយប្រាក់ឈ្នួលនេះ គឺសុទ្ធតែដើម្បីបង្កើនជីវភាព និងផលប្រយោជន៍របស់កម្មករនិយោជិត មិនមែនដើម្បីគៀបសង្កត់ពួកគេដូចការលើកឡើងរបស់អ្នកមួយចំនួននោះទេ។
លោកថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សង្ឃឹមថា ជិតដល់ឆ្នាំបោះឆ្នោត កុំយកប្រធានបទប្រាក់ឈ្នួលនេះ ក្លាយទៅជាបញ្ហាដែលបង្កើតឲ្យមានការច្របូលច្របល់មិនចាំបាច់ ព្រោះរឿងនេះ គឺសំដៅទៅលើបញ្ហាការដោះស្រាយជីវភាព និងផលប្រយោជន៍របស់កម្មករ ជាជាងយកទៅធ្វើនយោបាយ»។
លោកបានបន្តថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៨ ត្រូវអនុវត្តតាមប្រតិទិន ដូចតទៅ៖
* កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអបប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
* កំណត់យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី
* កំណត់យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី
* កំណត់យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨
* កំណត់យក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទចូលជាធរមាន សម្រាប់ការអនុវត្តគោលនយោបាយប្រាក់ឈ្នួលអប្បបរមា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកំណត់គោលនយោបាយដំឡើងប្រាក់ឈ្នួលជាងរៀងរាល់ឆ្នាំ ដល់កម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង។
កាលពីឆ្នាំមុននេះ បន្ទាប់ពីមានការពិភាក្សារបស់ក្រុមការងារត្រីភាគី រួមមាន៖ ភាគីក្រសួងការងារ ភាគីនិយោជក និងភាគីសហជីពនោះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែងជើង រហូតដល់ចំនួន ១៥៣ដុល្លារ សម្រាប់ឆ្នាំ២០១៧។ ប្រាក់ឈ្នួលអប្បបរមានេះ បានកើនឡើងប្រមាណ ១៣ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៦៕