(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ កន្លងទៅនេះ គណបក្សប្រឆាំងទទួលបានបរាជ័យ ហើយបានលើកឡើងថាលទ្ធផលនេះបានធ្វើឱ្យអ្នកគាំទ្រដែលរំពឹងថា នឹងបានផ្លាស់ប្តូរចាប់ផ្តើមបាក់ទឹកចិត្ត និងអស់កម្លាំង ទើបលោកចុះជួបសកម្មជនតាមបណ្តាខេត្តកន្លងមក គឺដើម្បីពង្រឹងស្មារតី។
ការអះអាងខាងលើនេះ បានធ្វើឡើងនាគ្រាដែល លោក កឹម សុខា បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយឱ្យកាសែតភ្នំពេញប៉ុស្តិ៍ កាលពីព្រលប់ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧ ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញសារព័ត៌មាន Fresh News ពាក់ព័ន្ធនឹងការបង្ហោះ ចោទប្រកាន់របស់ លោក សម រង្ស៊ី ជុំវិញសារបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ របស់សម្តេចតេជោ ហ៊ុន សែន។
តាមរយៈកិច្ចសម្ភាសន៍នោះ, លោក កឹម សុខា បានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៤ មិថុនា គឺមិនទាន់ល្អនៅឡើយសម្រាប់គណ បក្សប្រឆាំង ដូចដែលលោកបានសង្ឃឹមនោះទេ ហើយថាលោកបានចំណាយពេលពីសប្តាហ៍មុន ធ្វើដំណើរទៅជនបទដើម្បីជំរុញស្មារតីនេះឡើង។ លោក កឹម សុខា បានកំណត់៦០ភាគរយនៃសំឡេងឆ្នោតជាតិថា ជាគោលដៅរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែលទ្ធផលបឋមបង្ហាញថា ខ្លួនឈ្នះតែប្រមាណ៤៤ភាគរយទល់នឹងគណបក្សប្រជាជនកម្ពុជាចំនួន៥១ភាគរយ។
លោក កឹម សុខា បានថ្លែងយ៉ាងដូច្នេះថា៖ «ភ្លាមៗបន្ទាប់ពីការបោះឆ្នោត គណបក្សកាន់អំណាចបានប្រកាសថាខ្លួនបានឈ្នះ និងអះអាងថា យើងបានចាញ់ និងធ្វើឲ្យយើងខូចចិត្ត ដូច្នេះទិសដៅធំនៃដំណើរទាំងនេះគឺដើម្បីបង្ហាញប្រជាពលរដ្ឋថាយើងមិនចាញ់ទេ ហើយពន្យល់ថាការដណ្តើមសំឡេងធំមួយរបស់គណបក្សសង្គ្រោះជាតិគឺសំខាន់។ យើងឈ្នះនិងកំពុងឆ្ពោះទៅមុខ ប៉ុន្តែយើងត្រូវតែបន្តទៅមុខទៀត។ មានមនុស្សមួយចំនួនដែលខិតខំធ្វើការដើម្បីបោះឆ្នោតឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែសម្រាប់ឥឡូវនេះយើងមិនអាចសម្រេចការផ្លាស់ប្តូរបាន ដូច្នេះពួកគេអស់កម្លាំង យើងមិនចង់ឲ្យពួកគេអស់កម្លាំង»។
ទោះបីយ៉ាងណានៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខនេះ បញ្ហាក្តៅមួយមិនត្រូវបានលោក កឹម សុខា លើកឡើងនោះទេ នោះតំណែងបេក្ខភាពនាយករដ្ឋមន្រ្តី របស់គណបក្សសង្រ្គោះជាតិ សម្រាប់ឆ្នាំ២០១៨ ថា តើលោក កឹម សុខា ឬ លោក សម រង្ស៊ី ?
សូមបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលជាង ១១៦០ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិទទួលបាន ៤៨០ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ១ឃុំ។ សម្រាប់លទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា បានកើនសំឡេងរហូតដល់ជាង ៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។ ចំណែកគណបក្សសង្រ្គោះជាតិ ត្រូវបានវិភាគថា បានបាត់បង់សំឡេងមួយភាគធំ បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ដូចគ្នា៕