(ភ្នំពេញ)៖ នៅទីបំផុតលោក កឹម សុខា ដែលកំពុងក្តោបក្តាប់អំណាចគណបក្សសង្រ្គោះជាតិទាំងមូល បានប្រកាសទទួលស្គាល់ថា គណបក្សរបស់លោក ធ្លាប់បានធ្វើការអំពាវនាវឲ្យប្រជាជនកម្ពុជា មានកំហឹងគុំគួនទៅលើជនជាតិវៀតណាម ដើម្បីទទួលបានសម្លេងឆ្នោត ហើយលោកក៏បានទទួលស្គាល់ដែរថា ការប្រើប្រាស់នយោបាយជាតិនិយមជ្រុល ឃោសនាឲ្យចងកំហឹងជាមួយជនជាតិវៀតណាមនេះ គឺជាការខុសឆ្គងផ្នែកនយោបាយ វាបង្កឲ្យមានកំហឹង ពូជសាសន៍។ នេះបើតាមការចេញផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក កឹម សុខា ថ្លែងថា គណបក្សសង្រ្គោះជាតិបានសម្រេចបោះបង់វោហារស័ព្ទប្រឆាំងវៀតណាម ហើយបានទទួលស្គាល់ថា គណបក្សប្រឆាំង អំពាវនាវឲ្យមាន ការខឹងទៅវៀតណាម ដើម្បីទទួលបានសម្លេងឆ្នោត ប៉ុន្តែលោកបានសម្រេចលែងឲ្យមានវោហារស័ព្ទបែបនេះ។ លោក កឹម សុខា បានថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចធ្វើវាលើកនេះ។ ប្រសិនបើយើងធ្វើវាលើកនេះ វានឹងបង្កើតឲ្យមានការខឹង។ វាជាបញ្ហាក្តៅមួយ ហើយព្យាយាមចៀស»។
ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងសកម្មជនរបស់ខ្លួន ជាញឹកញាប់តែងតែប្រើវោហាស័ព្ទឃោសនា ឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បារ ចំពោះជនជាតិវៀតណាម។ កន្លងមកវោហាស័ព្ទដែលមន្រ្តីកំពូលៗក៏ដូចជាសកម្មជនគាំទ្របក្សប្រឆាំងនានាលើកឡើងដូចជា ក្រុមហ៊ុនមួយចំនួនដែលកំពុង គ្រប់គ្រងនៅលើទឹកដីកម្ពុជា មានម្ចាស់សុទ្ធតែជនជាតិវៀតណាម ក្រុមហ៊ុនគ្រប់គ្រងការលក់សំបុត្រចូលទស្សនាអង្គរវត្ត, ក្រុមហ៊ុនគ្រប់គ្រងដីសម្បទានមួយចំនួន, សណ្ឋាគារនៅលើភ្នំបូកគោ។ល។...ជាពិសេសបំផុតនោះសកម្មជនរបស់គណបក្សប្រឆាំងបានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា កូនប្រុសច្បង និងភរិយា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ជាកូនរបស់មេដឹកនាំជនជាតិវៀតណាម។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ តាមរយៈកាសែតភ្នំពេញប៉ុស្តិ៍ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានប្រកាសទទួលស្គាល់ថា គណបក្ស របស់លោកធ្លាប់បានធ្វើការអំពាវនាវឲ្យមានកំហឹងគុំគួន ទៅលើជនជាតិវៀតណាម ដើម្បីទទួលបានសម្លេងឆ្នោត ហើយលោកទទួលស្គាល់ថា នេះជាការខុសឆ្គង ផ្នែកនយោបាយនាពេលកន្លងមក៕