(ភ្នំពេញ)៖ ការពិភាក្សារៀបចំសម្រាប់ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងកម្ពុជា សម្រាប់ឆ្នាំ២០១៨ នឹងធ្វើឡើងជាបន្តបន្ទាប់ចាប់ពីខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ នេះបើតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែមិថុនានេះ។
តាមការប្រកាសរបស់ក្រសួងការងារ បានឱ្យដឹងថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ ត្រូវអនុវត្តតាមប្រតិទិន ដូចតទៅ៖
- កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអបប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
- កំណត់យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគ
-កំណត់យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី
- កំណត់យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨
- កំណត់យក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ចេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានកំណត់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលជាងរៀងរាល់ឆ្នាំ ដល់កម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង។
កាលពីឆ្នាំមុននេះ បន្ទាប់ពីមានការពិភាក្សារបស់ក្រុមការងារត្រីភាគី រួមមាន ក្រសួងការងារ ថៅកែរោងចក្រ និង សហជីពនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែងជើង ដល់ចំនួន១៥៣ដុល្លារ សម្រាប់ឆ្នាំ២០១៧នេះ។ ប្រាក់ឈ្នួលនេះ បានកើនឡើងប្រមាណ ១៣ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៦៕