(ភ្នំពេញ)៖ លោក យ៉ង់ សាំងកុមារ មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហៅសម្រែកដូរៗ ឬការនិយាយថា «ប្តូរសិន ហើយចាំគិតទៀត» នោះ គឺជាគំនិតមួយ ដែលមិនបានគិតវែងឆ្ងាយ។

សម្រែកថាដូរៗ ក៏ដូចជាពាក្យសម្តី «ប្តូរសិន ហើយចាំគិតទៀត» នេះជាវោហារស័ព្ទដែលបានបង្ហើចេញពីថ្នាក់ដឹកនាំ របស់គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ លោក យ៉ង់ សាំងកុមារដែលកំពុងកសាង បក្សតាមរយៈការពង្រឹងប្រជាធិបតេយ្យពីថ្នាក់មូលដ្ឋានទៅនោះ បានថ្លែងថា គួរតែមានការគិតគូរឲ្យបានវែងឆ្ងាយ មុននឹងគិតគូរ ពីការផ្លាស់ប្តូរ។

តាមរយៈទំព័រ Facebook នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ លោក យ៉ង់ សាំងកុមារ បានលើកឡើងថា «ខ្ញុំយល់ថា ត្រូវរៀនគិតឲ្យបានវែងឆ្ងាយបន្តិច ជាពិសេសទាមទារឲ្យមានភាពច្បាស់លាស់សំខាន់ៗ ដូចជា៖ ដូរទៅណា? តើប្រព័ន្ធដឹកនាំថ្មី និងគោលនយោបាយថ្មីល្អប្រសើរជាងប្រព័ន្ធចាស់ត្រង់ចំណុចណាខ្លះ?»

លោក យ៉ង់ សាំងកុមារ បានបន្តថា «តើមានយន្តការច្បាស់លាស់ ដើម្បីធ្វើឲ្យនាយករដ្ឋមន្រ្តីថ្មីមានគណនេយ្យភាព ឬភាពទទួល ខុសត្រូវចំពោះតំណាងរាស្រ្ត និងរាស្រ្ត? តើយើងអាចដកអ្នកថ្មីមុនអាណត្តិបានយ៉ាងដូចម្តេច បើគាត់រំលោភនូវកិច្ចសន្យា។ល។»

លោក សាំងកុមារ បានលើកឡើងថា ត្រូវរៀបចំកិច្ចព្រមព្រៀងជាក់លាក់ ដើម្បីជៀសវៀងកុំឲ្យអ្នកថ្មីដូចអ្នកចាស់ ហើយការរៀបចំឲ្យមាន ប្រព័ន្ធតំណាងរាស្រ្តល្អ និង ប្រជាធិបតេយ្យពីក្រោមមកលើ នឹងទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋខកចិត្ត ជាមួយអ្នកនយោបាយ៕