(ភ្នំពេញ)៖ លោក ចាប ឌីណា អនុប្រធានកិត្តិយសអនុសាខាខណ្ឌដូនពេញ តំណាងលោកសុខ ពេញវុធ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ មកពី៧ភូមិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចូលរួមចំណែក កាត់បន្ថយការលំបាករបស់ពួកគាត់ បានមួយកម្រិតថែមទៀត។
នៅចំពោះមុខ ប្រជាពលរដ្ឋទាំង៣៥គ្រួសារនេះ លោក ចាប ឌីណា បានថ្លែងផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌ ដូនពេញ ដែលតែងតែគិតគូចំពោះការលំបាក របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទើបចាត់ឲ្យលោកផ្ទាល់នាំយកអំណោយ ទាំងនេះ មកចែកជូនបងប្អូនតែម្តង។
អំណោយទាំងនេះរួមមាន៖ ត្រីខចំនួន៤កំប៉ុង, ស្ករសចំនួន២គីឡូ, ទឹកដោះគោចំនួន២កំប៉ុង, ទឹកក្រូចចំនួន២កំប៉ុង, មីចំនួន១កេស និងថវិកាចំនួន២០០០០រៀលសម្រាប់ប្រជាពលរដ្ឋមួយគ្រួសារ។
បើតាមលោក ចាប ឌីណា អំណោយទាំងនេះជាទេយ្យទានបានពីព្រះឃោសាវិសុទ្ធ ទូច ម៉េងឈុន អនុប្រធានសាខាកាកបាទក្រហម ខណ្ឌដូនពេញ និងជាព្រះគ្រូសូត្រស្តាំវត្តព្រះពុទ្ធឃោចារ្យ និងព្រះរតនៈវិសុទ្ធិវង្ស គាន សារ៉ាត់ ព្រះគ្រូសូត្រឆ្វេង៕