(កំពត)៖ ស្រ្តីមេម៉ាយម្នាក់ បានស្រែកទាមទារសុំអន្តរាគមន៍ ទៅថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធឲ្យជួយរូបគាត់ផង ពីព្រោះទីលំនៅដ្ឋាន ដែលខ្លួនកំពុងរស់នៅបច្ចុប្បន្ន ដែលបានកាន់កាប់តាំងពីអំឡុងឆ្នាំ១៩៩៦ ពោលនៅក្នុងទីតាំងអតីតមន្ទីរសង្គមកិច្ចខេត្ត ត្រូវបានថ្នាក់ ដឹកនាំខេត្ត និងមន្រ្តីជំនាញចុះមកវែងជូនហើយដែរ ស្រាប់តែនៅពេលនេះ លេចមុខឈ្មួញម្នាក់នៅក្រសួងមហាផ្ទៃ មកសុំទិញតែមិនត្រូវ ក៏បង្ករឿងប្តឹងទៅតុលាការខេត្ត។
តាមពិតដីអតីតមណ្ឌលកូលាបស្ថិតក្នុងភូមិកំពង់បាយខាងត្បូង ក្រុងកំពត ខេត្តកំពត ដែលមានទំហ៊ុ ៣,ម៉ែត្រ បណ្តោយ១៤,៥ម៉ែត្រ នេះគឺជាដីស្ថិតនៅក្នុងអតីតដី មន្ទីរសង្គមកិច្ចខេត្ត ដែលជាដីសារពើភ័ណ្ឌរបស់រដ្ឋ ត្រូវបានមន្រ្តីជំនាញចុះទៅវាស់វែងជូនស្រ្តីឈ្មោះ សេង ផល្លា អាយុ៤៨ឆ្នាំ ជាស្រ្តីមេម៉ាយ ប៉ុន្តែស្រាប់តែមានឈ្មួញមកចង់ទិញ តែចរចាមិនបាន ក៏នាំរឿងប្តឹងទៅតុលាការ រហូតនគរបាល ក្រុងកំពត ចុះមកឃាត់អ្នកស្រីទៀតផង នៅពេលកំពុងសាងសង់តូបលក់ដូរបន្តិចបន្តួច។
សូមបញ្ជាក់ថា រឿងវិវាទដីធ្លីមួយដែលនៅលើដីវិវាទនោះ គ្មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ឬប្រភេទប្លង់រឹង គឺវាជាសមត្ថកិច្ចអាជ្ញាធរថ្នាក់ភូមិ តាមលំដាប់លំដោយ រហូតដល់ថ្នាក់ខេត្ត ជាអ្នកដំណោះស្រាយ មិនមែនជាសមត្ថកិច្ចតាមផ្លូវតុលាការ ថ្នាក់ណាមួយឡើយ។ ដូច្នេះហើយតាមសាលក្រម នៃសាលាដំបូងខេត្តកំពត លេខ២៩៦(ខ) ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ បានសម្រេចដោយមិនចាត់ការលើ សំណុំរឿងរដ្ឋប្បវេណីលេខ១៣៨ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ដែលដើមចោទ ឈ្មោះ ឥន្ទ សៅរ៉ាឌី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្ងាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ប្តឹងទាមទារយកដីមួយកន្លែង ចំណុចអតីតមណ្ឌលកូលាប ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង ខាងលើ ដែលមានទំហ៊ុ ៣ម៉ែត្រ ៣តឹក បណ្តោយ១៤ម៉ែត្រ ៥តឹក ពីចុងចម្លើយ ឈ្មោះ សេង ផល្លា ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ ជាមួយដើមចោទដែរ។ ករណីនេះ តុលាការ លើកពាក្យបណ្តឹងចោល ប៉ុន្តែចាត់ទុក បណ្តឹងរបស់ដើមចោទឈ្មោះ ឥន សៅរ៉ាឌី ធ្វើឡើងមានលក្ខណៈត្រឹមត្រូវ តាមនីតិវិធីនៃច្បាប់ តែទាស់ និងគតិច្បាប់។
ដីទំនាស់ខាងលើ គឺជាដីសារពើភ័ណ្ឌរបស់មន្ទីរសង្គមកិច្ច មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ កព០០០៩០៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៩៧ លើដីទំហ៊ំសរុប៨៤៥១ម៉ែត្រការ៉េ ដោយមិនទាន់បានបែងចែកឲ្យទៅបុគ្គលណាមួយ ជាម្ចាស់កម្មសិទ្ធិនោះទេ ដោយហេតុថា ដីទំនាស់ជាដីសារពើភ័ណ្ឌរបស់មន្ទីរសង្គមកិច្ច ហេតុដូចនេះ តុលាការពុំមានសមត្ថកិច្ច លើដីសារពើភ័ណ្ឌកម្មសិទ្ធិ ដីរបស់មន្ទីសង្គមកិច្ចទេ។ ប៉ុន្តែក្រោយពីចេញសាលក្រមខាងលើនេះភ្លាម ខាងចុងចម្លើយឈ្មោះ សេង ផល្លា ក៏បានបន្តគ្រប់គ្រង លើដីនោះបន្តទៀត ដែលខ្លួនធ្លាប់រស់នៅមណ្ឌលកូលាបតាំងពីឆ្នាំ១៩៧៩ ឬឆ្នាំ១៩៨០ ហើយខ្លួនបានកាប់ឆ្ការចាប់យកតាំងពី ឆ្នាំ១៩៩៦មក ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត និងមន្ទីរសង្គមកិច្ច បានចុះវាស់វែងបែងចែកឲ្យប្លង់កម្មសិទ្ធិស្របច្បាប់។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ អ្នកស្រី សេង ផល្លា បានប្រាប់ឲ្យភ្នាក់ងារ Fresh News ថា ការបន្តសាងសង់ធ្វើរោងតូប សម្រាប់ការលក់ដូរដោះស្រាយ ជីវភាពប្រចាំថ្ងៃនោះ ត្រូវបានសមត្ថកិច្ចនគរបាល ចុះមកហាមឃាត់ជាច្រើនដងទៅវិញ។ យ៉ាងណាមិញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានកម្លាំងនគរបាលក្រុងកំពត និងអាជ្ញាធរក្រុង ចុះមកហាមឃាត់ឲ្យផ្អាកការសាងសង់ ជាបន្ទាន់។ អ្នកស្រីបន្តថា ក្រោយពីសាលក្រមខាងលើ បានចេញសម្រេចមក គឺមានឈ្មោះ ផាង ពៅ ដែលបំរើការងារនៅក្រសួងមហាផ្ទៃ តែងតែរកវិធីសម្របសម្រួលដោយសុំទិញដីទំនាស់នេះយក ពីព្រោះដីនៅខាងកើត និងខាងក្រោយរបស់ដីទំនាស់ខាងលើដែលជាដី ចំណែករបស់ ឥន្ទ សៅរ៉ាឌីនោះ ត្រូវបានលោក ផាង ពៅ ទិញយកអស់ហើយ។
រយៈពេលថ្មីៗនេះលោក ផាង ពៅ បានឲ្យលោកអធិការនគរបាលក្រុងកំពត កែវ មុន្នី ហៅអ្នកស្រីទៅចរចាគ្នាដោយសុំទិញតម្លៃ ២ម៉ឺនដុល្លារ តែអ្នកស្រីដាច់ថ្លៃ៣ម៉ឺនដុល្លារ។ ទាំងអស់នេះហើយដែលមិនត្រូវតម្លៃគ្នានោះធ្វើឲ្យលោក ផាង ពៅ មានកំហឹង ហើយបានប្រើសំដីគំរាមអ្នកស្រីថា បើមិនលក់ដីទំនាស់នឹងទេ អ្នកស្រីឯង ក៏មិនបានដីនឹងដែរ។ ទន្ទឹមនេះលោក ផាង ពៅ បានឲ្យដើមចោទដែលលក់ដីឲ្យខ្លួននោះ ប្រើប្រាស់តាមផ្លូវតុលាការ ដែលខ្លួនបានរៀបចំរួចជាស្រេចនោះ បន្តបណ្តឹងនៅសាលាឧទ្ធរណ៍ បន្តទៀត ទោះបីដឹងថា ដីទំនាស់ខាងលើមិនពាក់ព័ន្ធផ្លូវច្បាប់ក៏ដោយ។
អ្នកស្រី សេង ផល្លា បានឲ្យដឹងទៀតថា ដីក្នុងមណ្ឌលកូលាបនេះ ក្រោយឆ្នាំ១៩៧៩ មានកុមារកំព្រារស់នៅលើដីនោះប្រមាណ១៦នាក់ ក្រោយមកបានកសាងគ្រួសារមានកូន ចៅ បំបែកជាច្រើនគ្រួសារ រហូតមកដល់សព្វថ្ងៃនេះ។ ក្នុងអំឡុងឆ្នាំ១៩៨៩ រដ្ឋឈប់ចិញ្ចឹមកុមារ កំព្រាទៀត ពួកគេបានកាប់ឆ្កាព្រៃរស់នៅលើដីកូលាបនោះរៀងៗខ្លួន ដោយប្រពន្ធរបស់ដើមចោទ ក៏ជាកុមារកំព្រារស់នៅក្នុងមណ្ឌល កូលាបនេះផងដែរ ហើយក៏មានចំណែកដីដែលលក់ឲ្យលោក ផាង ពៅ បច្ចុប្បន្ននេះ។ ដោយឡែកដីដែលមានទំនាស់គ្នាខាងលើ អ្នកស្រីនិយាយថា ជាដីរបស់គាត់ដែលខិតខំកាប់ឆ្ការ ហើយរស់នៅមានអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ទទួលស្គាល់ច្បាស់លាស់ ទៀតផង។ ក្រោយសាលក្រមរបស់សាលាដំបូងសម្រេចរួចហើយ ថ្មីៗនេះអ្នកស្រី បានសុំច្បាប់សាងសង់់លក់ដូរ ហើយអភិបាលក្រុង ក៏បានសម្រេចឲ្យសាងសង់ដែរ តែដល់ពេលសាងសង់ជាច្រើនលើកទៅ ស្រាប់តែមានខាងដើមចោទជំទាស់ដដែល ហើយលោក អភិបាលក្រុង ដែលសម្រេចឲ្យសាងសង់នោះ ហាក់ដូចជា បាត់ម្ចាស់ការសម្រេចក្នុងមុខងាររបស់ខ្លួន ក៏ចេញលិខិតមួយឲ្យផ្អាក សាងសង់វិញ ដោយសំអាងថា មានបណ្តឹងឧទ្ធរណ៍។ ហេតុដូចនេះហើយអ្នកស្រី ដែលជាជនរងគ្រោះ អំពាវនាវ សូមឲ្យលោកអភិបាល ខេត្តកំពត និងស្ថាប័ន ឬក្រសួងពាក់ព័ន្ធ ជួយរកយុត្តិធម៌ និងឲ្យរូបគាត់ជាស្ត្រីមេម៉ាយ ទទួលបានការសាងសង់ជាធម្មតាវិញផង ដើម្បីបានលក់ដូរនឹងគេ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ៕