(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយពីទទួលបានពាក្យបណ្ដឹង ពីម្តាយកុមារីរងគ្រោះ នៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រង្សី ឧស្សាហ៍ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ២២៧ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកកុមារីរងគ្រោះឈ្មោះ ល.ច.ក.ន អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង០១៖០០នាទី រំលងអាធ្រាត្រ នៅចំណុចក្នុងផ្ទះសំណាក់យីហោ សៀវ ឡាង ផ្លូវលេខ៣៧១ ក្រុមទី០៣ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ខណៈពេលដែលជនសង្ស័យ បាននាំកុមារីរងគ្រោះចេញពីផ្ទះសំណាក់ សៀវ ឡាង ដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ត្រូវម្តាយកុមារីរងគ្រោះបានប្រទះឃើញ ក៏នាំខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុន ដាក់ពាក្យបណ្តឹងចាត់ការតាមច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលប៉ុស្តិ៍បឹងទំពុន ដើម្បីកសាងសំណុំរឿង៕