(បន្ទាយមានជ័យ)៖ ផ្ទះចំនួន ១៥០ខ្នង និងអគារសិក្សាមួយខ្នង ៦បន្ទប់ ដែលសាងសង់ឡើងក្រោមការឧបត្ថម្ភថវិកាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសាងសង់រួចរាល់ និងប្រគល់ជូនយោធិនពិការ នៅមជ្ឈមណ្ឌលយោធិនពិការ៣១៧ ភ្នំឆ័ត្រ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រួចរាល់ហើយ។
ផ្ទះ និងអគារសិក្សានេះ ត្រូវបាននាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រគល់ជូន ដល់ដៃ របស់យុទ្ធពិការដោយផ្ទាល់ដៃនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ។
នៅចំពោះមុខអតីតយុទ្ធជននាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះទុក្ខលំបាករបស់យោធិនពិការនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្ត ទុកដាក់លើសុខទុក្ខរបស់បងប្អូនយោធិនពិការរបស់យើង។ សម្តេចទាំងពីរតែងតែគិតគូរ និងខ្វាយខ្វល់ ចំពោះបងប្អូនយើងហើយតែងបាន ចាត់ចែងខ្ញុំឲ្យប្រឹងប្រែងដោះស្រាយការផ្តល់ដី និងធ្វើផ្ទះសម្បែងជូនបងប្អូនរបស់យើង។ ធ្វើយ៉ាងណាឲ្យជីវភាពបងប្អូនជនពិការរបស់ យើងមានភាពល្អប្រសើរ»។
យោធិនពិការដែលបានទទួលផ្ទះថ្មី និងអគារសិក្សាសម្រាប់កូនៗរបស់ពួកគាត់បានសិក្សារៀនសូត្រនោះ បានសម្តែងក្តី សប្បាយរីករាយខ្លាំង ហើយក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ យោធិនពិការបានប្រកាសថា ពួកគេនឹងចង់ចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តមរបស់សម្តេចទាំងពីរ។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តាំផ្ញើដល់យោធិនពិការទាំងអស់ ដែលទើបទទួលបានផ្ទះថ្មីត្រូវថែទាំ ឲ្យផ្ទះសម្បែងគង់វង់ បានយូរអង្វែង ហើយត្រូវប្រឹងប្រែងបង្កបង្កើនផលលើដីដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីលើកកម្ពស់ជីវភាព៕