(ភ្នំពេញ)៖ បុរសម្នាក់បានសម្រេចចិត្តយកកាំបិត ចិតបន្លែមកចាក់-ក ខ្លួនឯង ដើម្បីបញ្ចប់ជីវិត ដោយមិនដឹងអំពីមូលហេតុបង្កឲ្យមាន ការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិ ខេត្តកោះកុង។
លោក ឃឹម សាណេ ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្ត បានឲ្យដឹងនៅកន្លែងហេតុថា បុរសដែលសម្រេចចិត្តធ្វើអត្ដឃាតខ្លួនឯងនេះ មានឈ្មោះ សែម ហំ អាយុ ២៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។
លោក ឃឹម សាណេ ស្នងការរង បានឲ្យដឹងទៀតថា ក្រោយពីបុរសខាងលើ បានធ្វើអត្ដឃាតខ្លួនឯង បានសម្រេចហើយ ទើបអ្នកជិតខាងឃើញឈាមហូរមកដល់ក្រោមផ្ទះ នាំឲ្យមានភាពភ្ញាក់ផ្អើលដល់ក្រុមគ្រួសារសព។ តាមការធ្វើកោសលវិច័យ ឃើញថាបុរសនេះ បានយកកាំបិតចិតបន្លែងចុងស្រួចចាក់បំពង-ក ខ្លួនឯង ក្នុងផ្ទះរបស់ពូខ្លួន នៅពេលម្ចាស់អត់នៅផ្ទះ។
ឪពុកជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា កូនគាត់កាលពីម្សិលមិញ បានរត់ទៅចង-ក សម្លាប់ខ្លួន ក្នុងព្រៃម្តងរួចហើយ តែបានគាត់ទៅជួយទាន់ ហើយគាត់បានយកមកផ្ទះវិញ និងតាមមើល១យប់ដល់ភ្លឺទៀត។ លុះដល់ព្រឹកឡើងកូនគាត់បានដើរចេញពីផ្ទះមកផ្ទះពូ ដូចរាល់ថ្ងៃ ស្រាប់តែគេរត់ទៅប្រាប់គាត់ថា កូនគាត់បានធ្វើអត្ដឃាត់ខ្លួនឯង ស្លាប់បាត់ទៅហើយ។
បុរសជាឪពុក បានបញ្ជាក់ថា កូនគាត់មានបញ្ហាផ្នែកខាងខួរក្បាលតាំងពីតូច។ ក្រោយពីធ្វើកោសលវិច័យរួចហើយ សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕