(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ខ្ញុំបានធ្វើដំណើរទៅគ្រប់ចំណុចដែលជាស្លាកស្នាម អនុស្សាវរីយ៍ នៃប្រវត្តិចាប់ផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូប កាលពី ៤០ឆ្នាំមុន (២១ មិថុនា ១៩៧៧) ដើម្បីឈានទៅរំលំរបប ប៉ុល ពត ដែលខ្មែរប្រសិទ្ធនាមថាជារបបវាលពិឃាត។
រូបភាពមួយសន្លឹកដែលខ្ញុំអង្គុយជាមួយកាំភ្លើងនេះ គឺស្ថិតនៅក្នុងទឹកដីវៀតណាម ស្ថិតក្នុងស្រុកឡុកនិញ ខេត្តប៊ិញហ្វឿក ចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីព្រំដែនកម្ពុជា។ ទីនេះហើយដែលសមមិត្ត ហ៊ុន សែន រួមនិងកម្មាភិបាលជាមនុស្សជំនិត ៤រូបទៀត រួមមាន៖ លោក នុច ថន, លោក ញឹក ហួន, លោក សាន សាញ់, និង វ៉ា ប៉ោអៀន បានជីកកប់អាវុធមានកាំភ្លើងវែង កាំភ្លើងខ្លី គ្រាប់បែកដៃ និងកាំបិតផ្គាក់។
ការជីកកប់អាវុធនេះ ដើម្បីការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះថាកងទ័ព ឬឈ្លបវៀតណាម បើឃើញមានមនុស្សកាន់ អាវុធឆ្លងដែន អាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ។
ក្រៅពីទីតាំងលាក់អាវុធនេះទៅ ខ្ញុំក៏បានធ្វើដំណើរទៅដល់ទីតាំងជាច្រើនទៀត ដូចជាកន្លែងដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលទាំង ៤រូប បានទៅជួបពលរដ្ឋវៀតណាម ហើយបានពលរដ្ឋវៀតណាម ដាំបាយឲ្យហូបជាលើកដំបូង ខណៈដែលក្នុងពោះមានតែទឹកបបរ និងហេវហត់ខ្លាំងនោះ។
ខ្ញុំក៏បានធ្វើដំណើរទៅដល់ទីតាំងមួយទៀតក្នុងភូមិឡុងជីន ចម្ងាយប្រមាណជា ១៧គីឡូម៉ែត្រពីព្រំដែនខ្មែរ។ ទីតាំងនេះហើយ ដែលសម្តេចសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋនាំទៅ ជួបជាមួយកងទ័ពវៀតណាម។
រូបផ្ទះខាងក្រោយខ្នងខ្ញុំនោះហើយ ជាកន្លែងដែលសម្តេច និងយុទ្ធមិត្ត ត្រូវបានកងទ័ពវៀតណាម ដាក់ឲ្យអង្គុយរង់ចាំ ដើម្បីកងទ័ពវៀតណាម ហៅទៅសួរនាំម្តងម្នាក់ៗ។ ទីតាំងនេះ បច្ចុប្បន្នរក្សានៅដដែល ហើយភាគីកម្ពុជា និងវៀតណាម បានសម្រេចសាងសង់កន្លែងនេះ ធ្វើជាសារមន្ទីរ ដើម្បីតម្កល់នូវរឿងរ៉ាវប្រវត្តិនៃការតស៊ូរំដោះប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
ក្នុងដំណើរស្វែងរកការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសំណាក់កងទ័ពវៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ត្រូវបានកងទ័ពវៀតណាម ហៅទៅសួរនាំជាច្រើនដំណាក់កាល ដើម្បីប្រាកដថា សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត មិនមែនជាចារកិច្ចជន។
មិនមែនជាមនុស្សលើកជើងនិយមនោះទេ ព្រោះជីវិតសព្វថ្ងៃរស់ដោយឯករាជ្យពឹងលើកម្លាំងកាយ កម្លាំងបញ្ញាស្ទួចស្តើង របស់ខ្លួន។ តែបន្ទាប់ពីបានទៅដល់តំបន់នេះ ហើយបានសាកសួររឿងរ៉ាវមួយចំនួនទៅ ពេលកំពុងធ្វើដំណើរលើរថយន្តក្រុង រួមជាមួយបងៗអ្នកព័ត៌មានជាច្រើនរូបផ្សេងទៀត ក៏បានធ្មេចភ្នែកនឹកស្រម៉ៃពីការពលីកម្មដ៏ធំធេងរបស់សមមិត្ត ហ៊ុន សែន ព្រមទាំងអ្នកតស៊ូរបស់ខ្មែរជាច្រើនរូបទៀតកាលពី ៤០ឆ្នាំមុន។
ការយល់ឃើញរបស់មនុស្សគឺមិនអាចដូចគ្នានោះឡើយ។ តែសម្រាប់ខ្ញុំ ខ្ញុំនៅតែឲ្យតម្លៃមហាសាលសម្រាប់ពលីកម្ម សព្វបែបយ៉ាងរបស់ពួកគាត់។ ខ្ញុំជឿថា បើគ្មានការតស៊ូរបស់ពួកគាត់ប្រាកដណាស់របបប្រល័យពូជសាសន៍ ប៉ុល ពត មិនដួលរលំ ការកាប់សម្លាប់ពលរដ្ឋខ្មែរ និងទុក្ខវេទនារបស់ពលរដ្ឋខ្មែរប្រាកដជាមិនអាចរំដោះនោះឡើយ។ បើរបបនេះនៅតែបន្ត ប្រហែលជាមិនត្រឹមតែជីតាខ្ញុំទេ ដែលបាត់បង់ជីវិត សូម្បីតែយាយ លោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ក៏ប្រហែលជួបគ្រោះដល់ជីវិតផង ព្រោះមិនអាចស៊ូទ្រាំជាមួយការងារដ៏ទារុណ។
ខ្ញុំសូមគោរពអរគុណដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ពលីកម្មរបស់ឥស្សរជនខ្មែរ ខ្មែរអ្នកតស៊ូគ្រប់ស្រទាប់ទាំងអស់ ដែលបានរួមគ្នានាំពន្លឺថ្មីសម្រាប់ដែនដីកម្ពុជា។ សូមដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ដែលបានពលីជីវិត បានកើតក្នុងទីដ៏គាប់ប្រសើរ។
អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្នក្រោយបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុងនៅឆ្នាំ១៩៩៨ អាចនឹងមិនទាន់បំពេញចិត្តមនុស្សគ្រប់គ្នាតែវាជាជំហ៊ានដែលកំពុងបោះទៅមុខដោយភាពល្អប្រសើរ។ យើងត្រូវរួមគ្នា ដើម្បីបោះជំហ៊ានឲ្យដល់គោលដៅដែលពួកយើងចង់បាន ដោយប្រឹងប្រែងរួមគ្នារក្សាឲ្យបានសាមគ្គីភាព និងរាំងខ្ទប់កុំឲ្យមានភ្លើងសង្រ្គាមមកគ្រប់ដណ្តប់ជាថ្មី។
បើយើងគិតថា ស្ថានភាពយើងពេលបច្ចុប្បន្នលំបាក យើងគួរនឹកគិតពីទុក្ខវេទនារបស់ដូនតាយើង ឪពុកម្តាយយើង ក្នុងសម័យមុន ជាពិសេសនឹកគិតពីវរភាពតស៊ូ និងទុក្ខវេទនារបស់ឥស្សរជនរបស់យើង។ យើងហ្នឹងមើលឃើញថា ទុក្ខលំបាករបស់យើងនាពេលបច្ចុប្បន្នប្រហែលជាមិនអាចប្រៀបផ្ទឹមនឹងទុក្ខវេទនារបស់ពួកគាត់បានឡើយ៕
ដោយ៖ វ៉ាន់ សារាយ