(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ គឺជាថ្ងៃដ៏នក្ខត្ដឫក្សបំផុតដែលប្រជាជាតិខ្មែរទូទំាងព្រះនគរ មានសេចក្ដីអំណសាទរក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ «សម្ដេចម៉ែ» ក្នុងព្រះជន្មគម្រប់៨១ យាងចូល៨២ព្រះវស្សា។
តើអ្វីជាគុណតម្លៃសម្ដេចម៉ែ ក្នុងសង្គមខ្មែរ?
អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ជាទូទៅពាក្យថា «ម៉ែ» ជាពាក្យមានន័យក្នុងការគោរព។ បើហេតុនេះចំពោះការដែលប្រជាជាតិខ្មែរ បានថ្វាយព្រះបរមនាម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថសីហនុ «សម្ដេចម៉ែ» គឺជាព្រះនាមដ៏ខ្ពង់ខ្ពង់បំផុតក្នុងន័យគោរពយ៉ាងដូច្នេះដែរ។ ហើយក្នុងការដែលព្រះអង្គ ត្រូវបានប្រជាជាតិខ្មែរថ្វាយព្រះនាមជា «សម្ដេចម៉ែ» នេះទៀតសោត គឺពិតជាត្រឹមត្រូវប្រពៃថ្លៃថ្លាណាស់ ព្រោះព្រះអង្គបានបង្ហញឲ្យឃើញអំពីគុណតម្លៃសម្រាប់ជាតិ ជាអាទិ៍៖ ទីមួយ) ព្រះអង្គក្នុងព្រះនាមជា «ម៉ែ» គឺតែងផ្សារភ្ជាប់សេចក្ដីសុខទុក្ខរបស់ប្រជារាស្រ្ដ ជាសេចក្ដីសុខទុក្ខផ្ទាល់ព្រះអង្គ ។ និងទីពីរ) ព្រះអង្គ ជាអ្នកបម្រើផលប្រយោជន៍សម្រាប់ជាតិ។
ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបន្ដថា ជាក់ស្ដែងព្រះអង្គក្នុងព្រះនាមជា ព្រះអគ្គមហេសី ព្រះបាទ នរោត្ដមសីហនុ ព្រះមហាវីរក្សត្រ សម្ដេចឪ (ព្រះបរមរតនកោដ្ឋ) គឺសម្ដេចម៉ែ បានថែទំាសម្ដេចឪ (ព្រះបរមរតនកោដ្ឋ) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដោយប្រពៃថ្លែថ្លាបំផុត។
កត្ដានេះហើយ ទើបញំាងឲ្យសម្ដេចឪ (ព្រះបរមរតនកោដ្ឋ) នៃយើងទ្រង់បានបំពេញនូវព្រះរាជបេសកកម្មជូនជាតិ មាតុភូមិ បានយ៉ាងឧដុង្គឧត្តមទំាងលើឆាកជាតិ និងអន្ដរជាតិ ដូចយើងឃើញសព្វថ្ងៃនេះ។ ហើយសព្វថ្ងៃនេះផងដែរ សម្ដេចម៉ែ ក៏ទ្រង់នៅតែជាព្រះប្រធានកិត្ដិយសនៃកាតបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គតែងតែយកព្រះទ័យ ទុកដាក់ជួយដល់កូនចៅព្រះអង្គ ក្នុងផ្នែកសង្គមកិច្ច។ បន្ថែមពីលើនេះទៀត ព្រះអង្គសម្ដេចម៉ែ បានជួយជាទីប្រឹក្សា ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ជាព្រះមហាក្សត្រ និងជាព្រះរាជបុត្រារបស់ព្រះអង្គផងដែរ គឺពុំគិតពីការនឿយហត់អ្វីទ្បើយ។
ដោយសារតែហេតុនេះហើយ ទើប «សម្ដេចម៉ែ» ទ្រង់ក្លាយជាបុគ្គល ជាទីគោរពសក្ការៈបំផុត ក្នុងដួងចិត្ដរបស់ប្រជារាស្រ្ដខ្មែរយើងគ្រប់ៗរូប។ ស្ថិតក្នុងន័យនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា អ៊ីចឹងចំពោះគុណតម្លៃសម្ដេច ព្រះវររាជមាតាជាតិខ្មែរ «សម្ដេចម៉ែ» តំាងពីដើមរៀងមក គឺព្រះអង្គមានព្រះរាជតួនាទី សំខាន់ណាស់ ក្នុងការរួមចំណែកបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងជានិមិត្ដរូបឯកភាពជាតិខ្មែរ ព្រោះព្រះអង្គ បានបង្ហាញឲ្យឃើញធម្មជាតិ ជាស្រ្ដីក្នុងអារ្យធម៌ខ្មែរ គឺការផ្ទេរវប្បធម៌ និងសីលធម៌ ក្នុងឧបនិស្ស័យសន្ដិភាព និងទប់ស្កាត់នូវហិង្សា។ ហើយដែលនេះ គឺជាភារកិច្ចរបស់ស្រ្ដី ក្នុងអារ្យធម៌ខ្មែរដែលមានតំាងពីបឋមកាលមកម៉្លេះ ជាក់ស្ដែងស្រ្ដីសម័យអង្គរ គឺព្រះនាងជ័យទេវី និងព្រះនាងឥន្រ្ទទេវី (អគ្គមហេសីព្រះបាទជ័យវរ្ម័នទី៧) ក្នុងសិលាចារឹកបានបង្ហាញថា ព្រះនាងមាន ភក្ដីភាពចំពោះស្វាមី និងសាសនា ទើបធ្វើឲ្យអាណាចក្រខ្មែរយើងនាសម័យនោះ មានភាពសុខសាន្ដ និងរុងរឿង។
ជាចុងក្រោយ លោកបានបញ្ជាក់ថា បើដូច្នេះចំពោះ «សម្ដេចម៉ែក្នុងសង្គមខ្មែរ» គឺពិតជាបង្ហាញអំពីគុណតម្លៃស្រ្ដីក្នុងអារ្យធម៌ខ្មែរ ដោយឈរលើគោលការណ៍ ស្រ្ដីជាទីដ៏ប្រសើរជាទីដ៏ខ្ពង់ខ្ពស់ឧដុង្គឧត្ដម និងមង្គលបំផុត ដែលជាគ្រឹះដ៏រឹងមំានៃតុល្យភាពសង្គម និងសន្ដិភាព។
បើដូច្នេះក្នុងនាមយើងទំាងអស់គ្នាជាកូនចៅព្រះអង្គ សូមបួងសួងឲ្យ «សម្ដេចម៉ែ» សូមឲ្យព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដល់កូនចៅចៅទួតតរៀងទៅ៕