(កូរ៉េខាងត្បូង)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលបម្រុងរបស់កម្ពុជា ប្រចាំធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី២របស់ AIIB ប្រចាំឆ្នាំ២០១៧ ដែលចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងកោះជេជូ នៃសាធារណៈរដ្ឋកូរ៉េ។
កិច្ចប្រជុំជាផ្លូវ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធីបតីភាពរបស់លោក មូន ជេអ៊ីន ប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ ដោយមានការចូលរួមពី ប្រទេសជាសមាជិកស្ថាបនិកចំនួន ៥៧ប្រទេស និងប្រទេសជាសមាជិកថ្មីចំនួន ២០ប្រទេស ក្រោមប្រធានបទ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព»។
កិច្ចប្រជុំបានកំណត់នូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗ មួយចំនួនរបស់ AIIB ក្នុងគោលដៅលើកកម្ពស់ អភិបាលកិច្ចក្នុងស្ថាប័ននេះ ក៏ដូចជាដើម្បីធានាឲ្យប្រតិបត្តិការ របស់ធនាគារកាន់តែប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំក៏បានអនុម័តសេចក្តីសម្រេចចិត្តយល់ព្រមឲ្យប្រទេស ចំនួន០៣ទៀត គឺអាហ្សង់ទីន, ម៉ងដាហ្កាសស្កា និងតុងហ្កា ចូលរួមជាសមាជិករបស់ AIIB។
បន្ថែមពីនេះកិច្ចប្រជុំកត់សម្គាល់ អំពីតម្រូវការ និងភាពចាំបាច់មិនអាចខ្វះបាន នៃការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចិរភាព និងបរិយាប័ណ្ណ ព្រមទាំងដើម្បីបង្កើតការងារ។ ក្រៅពីនេះ ទេសាភិបាលតំណាងមកពីប្រទេស ជាសមាជិកទាំងអស់ ក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិ អំពីជម្រើសគោលនយោបាយ, យុទ្ធសាស្រ្ត និងយន្តការក្នុងការជំរុញការចូលរួមរបស់វិស័យឯកជន នៅក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។
នៅក្នុងបទអន្តរាគមន៍ ដែលបានកត់ត្រាជាកំណត់ហេតុ នៃកិច្ចប្រជុំក្រុមប្រឹក្សាទេសភិបាលលើកទី២ ប្រចាំឆ្នាំ២០១៧ របស់ AIIB, លោក វង្សី វិស្សុត បានលើកឡើងនូវគោលជំហររបស់កម្ពុជាចំនួន ០៥ចំណុចដូចខាងក្រោម៖
ទី១៖ ក្នុងបរិការណ៍កំណើនយ៉ាងឆាប់រហ័ស នៃនគរភាវូបនីយកម្ម និងបម្រែបម្រួលអាកាសធាតុ តម្រូវឲ្យបង្កើន ការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធយ៉ាងគំហុក ដែលទាំងនេះបណ្តាលឲ្យ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវប្រឈមនឹងបញ្ហា កង្វះទុនវិនិយោគដែលតាម ការសិក្សាមានចំនួនប្រមាណ ៥ភាគរយ។ ការសិក្សា ក៏បានបង្ហាញថា បញ្ហាកង្វះទុនវិនិយោគនេះ អាចត្រូវបានដោះស្រាយបានមួយ ចំណែក ដោយការគៀរគទុនវិនិយោគ ពីវិស័យឯកជន តាមរយៈយន្តការភាពជាដែគូ វិនិយោគសាធារណៈរវាងរដ្ឋ និងឯកជន។ បើទោះជាយ៉ាងនេះក្តី ប្រទេសកំពុងអភិវឌ្ឍន៍ នៅពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំ និងគ្រប់គ្រងគម្រោងក្រោមយន្តការ PPP នេះបាននៅឡើយទេ ហើយក្នុងន័យនេះ កម្ពុជាបានស្នើឲ្យធនាគារ AIIB ចាត់វិធានការចាំបាច់នានា ជាបន្ទាន់ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការអនុវត្តយន្តការ PPPនេះ។
ទី២៖ បានគូសបញ្ជាក់ឡើងវិញនូវជំហររបស់កម្ពុជា ដែលបានលើកឡើង ក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១ កាលពីឆ្នាំ២០១៦ ដោយបានជំរុញឲ្យធនាគារ AIIB ផ្តល់អាទិភាពខ្ពស់ ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ តភ្ជាប់ឆ្លងព្រំដែនក្នុងតំបន់ដើម្បី កាត់បន្ថយគម្លាត នៃការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់។
ទី៣៖ សម្រាប់ប្រទេសដូចកម្ពុជា ការលើកកម្ពស់ជីវភាព ប្រជាជនរស់នៅតាមជនបទ ជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ក្នុងន័យនេះធនាគារ AIIB គួរផ្តល់អាទិភាពខ្ពស់ ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចាសម្ព័ន្ធជនបទខ្នាតធំ ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសប្រព័ន្ធធារាសាស្រ្ត។
ទី៤៖ កម្ពុជាស្នើឲ្យធនាគារ AIIB ផ្តល់ការយកចិត្តទុកដាក់ចំពោះក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួច ដោយត្រូវចាត់វិធានការ ចាំបាច់នានា ក្នុងផ្តល់ជាឥណទានដែលមានតម្រិតសម្បទានខ្ពស់ និងជំនួយបច្ចេកទេស ឲ្យបានឆាប់តាមដែលអាចធ្វើបាន។
ទី៥៖ កម្ពុជាកោតសសើចំពោះធនាគារ AIIB ដែលសម្រេចបាននូវសមិទ្ធិផលការងារធំៗជាច្រើន ក្នុងរយៈពេលនៃប្រតិបត្តិការជាង ១៥ខែដំបូងនេះ។
គួរបញ្ជាក់ដែរថា AIIB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីទី១ ដែលបង្កើតដោយប្រទេសក្នុងតំបន់អាស៊ី និងមានដើមទុនសរុបចំនួន ១០០ប៊ីលានដុល្លារ ធនាគារ AIIB មានបេសកកម្មជំរុញការវិនិយោគលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រទេសជាសមាជិកក្នុងតំបន់អាស៊ី៕