(កំពង់ស្ពឺ)៖ លោក អ៊ុក កោសា និងលោក លី សុន ក្រុមការងារចុះជួយស្រុកឧដុង្គ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងនាំថវិកាកសាងផ្លូវ ហើយជូនឃុំចំនួន០៣ផងដែរ។
ការផ្ដល់ថវិកាប្រមាណជាង៤០លានរៀល សម្រាប់ការសាងផ្លូវ និងផ្ដល់ជូនភូមិនោះ ជាការអបអរសាទរជ័យជម្នះ របស់គណបក្សប្រជាជន ដែលបានបោះឆ្នោតកន្លងទៅ។
លោក អ៊ុក កោសា បានលើកឡើងថា ទឹកប្រាក់ដែលបានចំណាយសម្រាប់កសាងផ្លូវ១៨លានរៀល និងចូលរួមឧបត្ថម្ភក្នុងមួយភូមិ៦០ម៉ឺនរៀល ដែលឃុំចំនួន០៣ មានភូមិ៤២ភូមិ។
លោកបញ្ជាក់ថា ឃុំដែលឈ្នះឆ្នោតនោះមានឃុំយុទ្ធសាមគ្គី ឃុំវាំងចាស់ ឃុំត្រាចទង ដែលក្រុមការងាររបស់លោកបានចុះពង្រឹង ដែលមានពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនយ៉ាងច្រើន ហើយដើម្បីបង្ហាញពីការថ្លែងនៅអំណរគុណ ដល់បងប្អូនមិនគិតថា សមាជិកបក្សណាទេនៅផ្លូវមួយខ្សែ រួមទាំងថវិកាញាំបាយសាមគ្គី និងដាក់តន្ត្រីប្រគុំកម្សាន្ដមួយយប់ផងដែរ។
បន្ថែមពីនេះ នៅឃុំពាំងល្វា ក្រុមការងារបានឧបត្ថម្ភថវិកា៥លានរៀលផងដែរ៕