(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក៏ចេះស្រលាញ់ជាតិ ស្រលាញ់ទឹកដីដែរ កុំចេះតែចោទថា ធ្វើឲ្យបាត់ទឹកដី តាមរយៈការបោះបង្គោលព្រំដែននោះ ហើយសូមអ្នកទាំងអស់គ្នា ទទួលស្គាល់ការពិតពីការងារនេះ។
ការថ្លែងយ៉ាងដូច្នេះរបស់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ធ្វើឡើង នៅព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ចុះទៅពិនិត្យមើលកងកម្លាំងវិស្វកម្ម កងយោធពលខេមរភូមិន្ទ កំពុងចាក់បេតុង បង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងខេត្តមិញភឿក ប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំ ទិវាការចងចាំដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរៀបចំឡើងនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
រដ្ឋមន្ដ្រីក្រសួងការពារ បានសង្កត់ធ្ងន់ថា «ខ្ញុំសូមផ្ដាំផ្ញើទៅអ្នកមួយចំនូន ដែលតែងតែចោទប្រកាន់ថា រដ្ឋាភិបាលកាត់ដី កាត់ធ្លី ឲ្យវៀតណាម ធ្វើមិនជាក់ស្ដែងនេះ សូមអស់លោកស្គាល់ការពិតផងថា អ្នកទាំងអស់គ្នា គឺសុទ្ធតែស្រលាញ់ជាតិ ស្រលាញ់ទឹកដីដូចៗតែគ្នាទេ មិនមែនធ្វើអ្វីដែលវាហួស ធ្វើអ្វីដែលនាំឲ្យមាតុភូមិ និងទឹកដីរបស់ខ្លួនខាតបង់នោះទេ»។
ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានពន្យល់ថា ការបោះបង្គោលព្រំដែននេះ គឺមានការវាស់វែងដ៏ជាក់លាក់ណាស់ ភាពជាក់លាក់ទាំងនេះបានន័យថា អ្នកទាំងសងខាងឯកភាពគ្នាជាឯកច្ឆ័ន គឺពុំមានអ្នកណាមួយជំទាស់ទេទើបធ្វើបាន ជាក់ស្ដែងនៅលើបង្គោលព្រំដែន អក្សរកម្ពុជា ត្រូវនៅខាងកម្ពុជា ហើយនៅខាងវៀតណាម អក្សរវៀតណាម សម្បីតែអក្សរនៅលើបង្គោលនេះ ក៏ត្រូវធ្វើច្បាស់លាស់ផងដែរ។
សូមជម្រាបថា កន្លងមកនេះ គណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម បានសម្រេចប្រគល់ភារកិច្ចឲ្យកងវិស្វកម្ម របស់កងយោធពលខេមរភូមិន្ទ មានភារកិច្ច ធ្វើផ្លូវនៅតាមបណ្ដោយព្រំដែន និងទទួលភារកិច្ចបោះបង្គោលព្រំដែនផងដែរ៕