(ភ្នំពេញ)៖ លោកឧញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ឲ្យដឹងថា តាមរយៈ Facebook ផ្លូវការរបស់លោកថា បន្ទាប់ពីទស្សកិច្ចជាលើកដំបូងនៅកម្ពុជា តំណាងរោងចក្រកែច្នៃសាច់ ប្រកបដោយគុណភាព នៅប្រទេសប៉ូឡូញជិត៥០ឆ្នាំ គឺរោងចក្រ Polskamp SP.Z.O.O បានបង្ហាញពីចំណាប់អារម្មណ៍ ចង់សហការជាមួយក្រុមហ៊ុន ម៉ុង ឬទ្ធី បើករោងចក្រកែច្នៃសាច់ ប្រកបដោយគុណភាព សម្រាប់នាំចេញ ដើម្បីជួយដល់កសិករកម្ពុជា ដែលរងផលប៉ះពាល់ ដោយការនាំចូលសត្វ យ៉ាងគំហុងពីប្រទេសជិតខាងនោះ។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានបន្ថែមថា តាមការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចទៅវិញទៅមក រវាងប្រតិភូកម្ពុជា និង ប៉ូឡូញ ដើម្បីស្វែងរកដំណោះស្រាយ តម្លៃសាច់ជ្រូក និងសាច់មាន់ ឲ្យអាចប្រគួតប្រជែងជាមួយ ប្រទេសជិតខាងបានលុះត្រាតែមានបច្ចេកទេសទំនើបទាន់សម័យ សាងសង់រោងកែឆ្នៃសាច់ ប្រកបដោយគុណភាព និងធានាបាននៅសុវត្ថិភាព ម្ហូបអាហារជាចម្បង។
លោកឧកញ៉ាបន្តថា ក្នុងដំណើរទស្សនកិច្ចនោះ ភ្ញៀវទាំងអស់នោះបានវាយតម្លៃខ្ពស់ រួចហើយបានសន្យាថា ជាការចាប់ផ្តើមត្រូវប្រមូលទិញផ្លែស្វាយ និងម្រេចពីប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សាប្រទេសប៉ូឡូញ ទំនិញដែលត្រូវនាំពីប្រទេសប៉ូឡូញ មកកាន់ប្រទេសកម្ពុជាដំបូងនោះ គឺទឹកដោះគោ។
លោកឧកញ៉ាបន្ថែមថា «ភាគីទាំងពីរ នឹងបន្តពិភាក្សាជាមួយគ្នា ដើម្បីសាងសង់រោងចក្រកែឆ្នៃសាច់ ឱ្យបានឆាប់ផុតដែលអាចធ្វើទៅបាន ដើម្បីជួយសង្គ្រោះដល់កសិករកម្ពុជាយើង ដែលកំពុងតែទទួលរងគ្រោះ ដោយសារតែការនាំចូលសត្វរស់ យ៉ាងគំហុកពីសំណាក់ប្រទេសជិតខាង»។
បើតាមលោកឧកញ៉ា ម៉ុង ឬទ្ធី ចាប់ពីថ្ងៃចន្ទទី១៩ រហូតដល់ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោកនឹងត្រូវដឹកនាំគណប្រតិភូកម្ពុជា ទៅកាន់ប្រទេសហុងគ្រី និង បារាំង ដើម្បីស្វែងរកទីផ្សារកសិផល និងដើម្បីទាក់ទាញអ្នកវិនិយោគទុន មកពីប្រទេសទាំងពីរ ឱ្យមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា ក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា៕