(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដ និងបច្ចេកទេសទីក្រុងម៉ាកាវ ប្រទេសចិន នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានរួមគ្នារៀបចំឡើងនូវវេទិកាវេជ្ជសាស្រ្ដកម្ពុជា-ចិន លើកដំបូងនៅរាធានីភ្នំពេញ នៅក្នុងសាកលវិទ្យាល័យប៊ែលធីអន្ដរជាតិ។
នៅក្នុងវេទិកាវេជ្ជសាស្រ្ដកម្ពុជា-ចិនលើកដំបូងនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហការសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីលោកស្រី កាន់ វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប លោក Zhang Guoxin អគ្គនាយកគណៈកម្មការផែនការគ្រួសារ និងសុខភាពជាតិនៃប្រទេសចិន លោកសាស្រ្ដចារ្យ Jiang Baoguo ប្រធានសាកលវិទ្យាល័យមន្ទីរពេទ្យទីក្រុងប៉េកាំង។
វេទិកាវេជ្ជសាស្រ្ដកម្ពុជា-ចិនខាងលើនេះ ដោយមានកិច្ចគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងសុខាភិបាល គណៈកម្មការផែនការគ្រួសារ និងសុខភាពជាតិ នៃប្រទេសចិន សាកលវិទ្យាល័យមន្ទីរពេទ្យទីក្រុងប៉េកាំង ក្រោមការឧបត្ថម្ភពីគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយផ្នែកថែទាំសុខភាព។
សូមជម្រាបថា នៅក្នុងវេទិកានេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានចុះអនុស្សារណៈនៃការយោគយល់មួយ ជាមួយ China Alliance of Trauma Care ដែលមានគ្រឹះស្ថានវេជ្ជសាស្រ្ដជាង១០០ជាសមាជិក ដែលជាមន្ទីពេទ្យធំជាងគេបំផុតនៅប្រទេសចិនផងដែរ៕