(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យទំនិញគ្មានគុណភាព និងប្រេងខ្យងដែលមានសារធាតុគីមីហាមឃាត់ ក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង។
លោក គឹម ប្រុស បានបញ្ជាក់ថា ការត្រួតពិនិត្យលើទីផ្សារក្នុងខេត្តស្ទឹងត្រែង គោលបំណងធំ គឺស្វែងរកផលិតផលប្រេង ខ្យងម៉ាក់ អយស្ទ័រសុះ ដែលមានលាយសារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ ប៉ុន្ដែពុំមានលក់ផលិតផលខុសច្បាប់នោះទេ។
ក្រៅពីនោះមន្រ្តីកាំកុងត្រូល បានធ្វើការណែនាំ ផ្សព្វផ្សាយអាជីករលក់ក្នុងផ្សារ និងតាមផ្ទះឲ្យបានយល់ពីសាធារគីមី ក្នុងទំនិញដែលហាមឃាត់ អំពីការថែរក្សាទុកដាក់ទំនិញ អំពីការត្រួតពិនិត្យទំនិញ មុនទទួលយកមកលក់ និងឲ្យដឹងពីកាលបរិច្ឆេទកំណត់ នៃមុខទំនិញនិមួយៗ ជាពិសេសទំនិញដែលលាយសារធាតុគីមីហាមឃាត់។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានលើកឡើងថា បើអាជីករមានឆន្ទៈមិនយកទំនិញគ្មានគុណភាព ឬប៉ះពាល់សុខភាព មកលក់លើទីផ្សារ វាការប្រសើរណាស់ដល់សុខភាព រួមជាមួយការពិនិត្យជាញឹកញាប់របស់មន្រ្តីកាំកុងត្រូលទៀតនោះ វាកាន់តែធ្វើម្ហូបអាហារហូរចូលទីផ្សារស្ទឹងត្រែង ផ្តល់នូវអនាម័យល្អ មិនប៉ះពាល់សុខភាព។ ទោះជាយ៉ាងណា ពលរដ្ឋនូវតែប្រកាន់ភ្ជាប់នៅការប្រុងប្រយ័ត្នជានិច្ច ព្រោះទំនិញហូរចូលមក កម្ពុជាធ្លាប់មានទំនិញខ្លះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ បង្កកើតឡើងនូវជំងឺជាច្រើន រហូតដល់បាត់ បង់អាយុជីវិតថែមទៀតផង។
សូមជម្រាបថា ជាញឹកញាប់មន្រ្តីកាំកុងត្រូល តែងចុះត្រួតពិនិត្យទំនិញហូបចុក ដែលប៉ះពាល់ សុខភាពដល់ប្រជាពលរដ្ឋ ដែលការពិនិត្យនេះ ធ្វើឲ្យពលរដ្ឋមានទំនុកចិត្តជាមួយការទិញម្ហូបអារហារ ព្រោះមិនធ្វើឲ្យប៉ះពាល់សុខភាព នៅពេលអាជីករយកទំនិញមកលក់នៅទីផ្សារ ជាទំនិញមានគុណភាព មិនហួសសុពលភាព មិនមានសារធាតុ ធ្វើឲ្យប៉ះពាល់សុខភាព៕