(ព្រះវិហារ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាឲ្យសមត្ថកិច្ច និងអជ្ញាធរស្រុក ធ្វើការចាប់ខ្លួនយាយម៉ៃ មេឈ្មួញរកស៊ីឈើគ្រញូង ដុះស្លែនៅខេត្តឧត្តរមានជ័យ ហើយការបញ្ជាឲ្យចាប់ឃាត់ខ្លួន មេឈ្មួញឈើគ្រញូងជនជាតិវៀតណាមនេះ គឺបន្ទាប់ពីបែកធ្លាយរូបថតយាយម៉ៃ ជល់កែវនៅកន្លែងផឹកស៊ី ជាមួយមន្ត្រីយោធា ពាក់សុទ្ធតែផ្កាយពេញស្មា ហើយម្យ៉ាងទៀតយាយម៉ៃនេះ មានពាក្យបណ្តឹងជាច្រើន នៅតុលាការពិសេស គឺករណីប៉ុនប៉ងធ្វើឃាតអ្នកកាសែតតែម្តង។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការតូចតាច នៅខេត្តឧត្តរមានជ័យ មានការអបអរសារទរចំពោះវិធានការរបស់អាជ្ញាធរ ក្នុងការបង្ក្រាបឈ្មួញរកស៊ីខុសច្បាប់ ដោយឡែកចំពោះឈ្មួញរកស៊ីខុសច្បាប់ដ៏ទៃទៀត ក្រៅពីយាយម៉ៃ គេមិនទាន់មានវិធានការយ៉ាងណានោះទេ។
ជាក់ស្តែងដូចជាឈ្មួញដឹកជញ្ជូនឈើលេខ២ ដែលគេស្គាល់ថាឈ្មោះ ឆាយ ដែលតែងតែដឹកជញ្ជូនឈើខុសច្បាប់ សឹងតែរាល់យប់ ចេញពីស្រុកត្រពាំងប្រាសាទនោះ គេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរមានវិធានការបង្ក្រាបទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញមានសមត្ថកិច្ចមួយចំនួនតូច ជាអ្នកមើលការខុសត្រូវ របររកស៊ីខុសច្បាប់របស់ថៅកែឈើឈ្មោះឆាយ ទៅវិញ។
តាមសេចក្តីរាយការណ៍ពី ស្រុកត្រពាំងប្រាសាទ បញ្ជាក់ថា សព្វថ្ងៃនេះឈ្មួញឈើខុសច្បាប់ ឈ្មោះ ឆាយ បានធ្វើការប្រមូលឈើ ពីស្រុកត្រពាំងប្រាសាទ មាន២កន្លែង គឺនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ និងមួយកន្លែងទៀត នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ។ ប្រភពបន្ថែមថា ឈើដែលស្តុបនៅត្រាំប៉ោង គឺយកទុកនៅក្នុងបន្ទាយទាហាន មួយកន្លែង រួចធ្វើការដឹកចេញតាមរថយន្តពណ៌ត្រៃអ៊ី យកមកសាងចូលរថយន្តយីឌុបដឹកបន្ត ទៅដាក់ដេប៉ូផ្សេងៗ នៅស្រុកបន្ទាយអំពិល ឬហួសដាក់ដេប៉ូនៅខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋជាច្រើន នៅស្រុកត្រពាំងប្រាសាទ និយាយថា ចំពោះកន្លែងលើកឈើទាំង២កន្លែងរបស់ឈ្មោះ ឆាយ នេះគឺបានធ្វើឲ្យផ្លូវរងការបាក់ស្រុតខូចខាតយ៉ាងធ្ងន់ធ្ងរ យ៉ាងណាមិញផ្លូវក្រាលគ្រួសក្រហមពីរង្វង់មូល ស្រុកត្រពាំងប្រាសាទ ទៅភូមិថ្នល់កែង និងផ្លូវជាតិRP174 ពីភូមិត្រាំប៉ោង រហូតដល់ក្រុងសំរោង រងការបាក់ស្រុតជាហូរហែរ ដែលធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានរៀលក្នុងមួយឆ្នាំៗ។
បន្ទាប់ពីការចុះផ្សាយរបស់អង្គភាព Fresh News ស្តីការដឹកឈើខុសច្បាប់ របស់ថៅកែឆាយម្តងមកនោះ ថៅកែឈើវ័យក្មេងរូបនេះ ដើរអួតប្រាប់គេថា គេមិនខ្លាចនោះទេ ចុះអីចុះទៅ គ្មានអ្នកណាហ៊ានចាប់គេទេ ព្រោះគេបង់លុយគ្រប់កន្លែងអស់ហើយ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ លោក សាំង ប៊ុនថេន ប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ថា លោកពិតជាទទួលស្គាល់ថាផ្លូវមានការស្រុតមែន ហើយកន្លងមកមន្ទីរបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងរថយន្តដឹកលើសទំងន់ ហើយបានធ្វើការកាត់ទ្រុងជាច្រើន។
ប៉ុន្តែលោកទទួលស្គាល់ថា ការដឹកលើសទំងន់ភាកច្រើននៅពេលយប់ ហើយលោកនឹងបង្កើតក្រុមការងារត្រួតពិនិត្យ នៅពេលយប់ទៀត ដើម្បីកាត់បន្ថយការដឹកលើសទំងន់ធ្វើឲ្យផ្លូវខូចនេះ៕