(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងជម្រុញឲ្យគ្រប់សាលារៀនគួរតែបន្ថែមនូវការសិក្សាអប់រំលើការគោរពច្បាប់ចរាចរណ៍ និងការស្រលាញ់បរិស្ថានដល់កុមារ ដើម្បីជាគន្លឹះមួយក្នុងការបណ្ដុះទម្លាប់កុមារពីក្មេងទៅឲ្យយល់ដឹងកាន់តែច្រើន និងធ្វើអ្វីដែលល្អត្រឹមត្រូវ។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ដ្រីនេះ ធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញចូលរួមជាធបតីភាពក្នុងកម្មវិធីពិព័រណ៍កុមារ និងគ្រួសារលើកទី៤ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ។
ពិព័រណ៍កុមារនិងគ្រួសារនេះ បាននឹងកំពុងដំណើរការនៅក្នុងបរិវេណអាគារពិព័រណ៍កោះពេជ្រ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការតាំងបង្ហាញពិសេសៗ តាមបែបគំនូរជីវចល និងមានស្ដង់លក់ឥវ៉ាន់ប្រមាណ១៥០ក្រុមហ៊ុនទៀតផង។
លោករដ្ឋមន្ដ្រីបានថ្លែងថា «ឪពុកម្ដាយគឺជាអ្នកបង្កើត អ្នករៀបចំអត្តចរិករបស់កូន ប៉ុន្ដែសាលារៀនគឺជាគោលសំខាន់បំផុតក្នុងការបណ្ដុះនូវទម្លាប់របស់កុមារ ដូច្នេះហើយសាលាគួរតែជម្រុញបន្ថែមទៀតនូវផ្នែកការស្រលាញ់បរិស្ថាន អំពីច្បាប់ចរាចរណ៍.... បើសិនយើងបណ្ដុះទម្លាប់ពីតូចទៅរបស់កុមារ និងធ្វើពួកគេស្គាល់អំពីទម្លាប់ល្អ លុះពេលធំឡើងកូននឹងអាចបណ្ដុះទម្លាប់មួយនេះបានសាលារៀនសំខាន់បំផុត ហើយឪពុកម្ដាយគួរតែជាដៃគូរដ៏ល្អក្នុងការបណ្ដុះបណ្ដាលកុមារនេះ»។
លោកបានថ្លែងបញ្ជាក់ថា ការបណ្ដុះបណ្ដាលកុមារនេះគឺជាទំពាំងស្នងឬស្សីយ៉ាងសំខាន់ណាស់ ការរួមចំណែករបស់ ឪពុកម្ដាយ សាលារៀន និងសង្គម សព្វថ្ងៃនេះសាលារៀនមានការរីកដុលដាលជាច្រើនសម្បីតែនៅជនបទឆ្ងាយៗដែលកុមារគ្មានប្រាក់ ឬកូនអ្នកក្របំផុតក៏រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជួយជាអង្ករសម្រាប់ដោះស្រាយជីវភាពគ្រួសារ ដើម្បីកុំឲ្យឪពុកម្ដាយយកកូនទៅធ្វើការសម្រាប់អង្ករដែលបានផ្ដល់ឲ្យនេះ គឺជួយផ្ដល់ភាពងាយស្រួលដល់កុមារ ក៏ដូចជាគ្រួសារព្រោះថាប្រសិនបើមានអង្ករសម្រាប់ដោះស្រាយជីវភាពគ្រួសារហើយនោះ ពួកគេនឹងមិនយកកុមារទៅធ្វើការនោះឡើយ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សាបានថ្លែងឲ្យដឹងថា ការបង្កើតពិព័រណ៍នេះឡើងគឺដើម្បីអាចឲ្យពុកម្ដាយ និងកូនៗបានជុំគ្នាសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល និងបង្កើតភាពកក់ក្ដៅយ៉ាងពិតប្រាកដមួយឲ្យកូនតាមរយៈការកម្សាន្ដ សប្បាយជាមួយនឹងសកម្មភាពប្លែកៗ និងទីធ្លាកម្សាន្ដជាច្រើននៅក្នុងពិព័រណ៍ទៀតផង។
លោកបានបន្ថែមទៀតថា គោលបំណង និងបេសកម្មរបស់ពួកយើងគឺការផ្ដល់ស្នាមញញឹមដល់ក្រុមគ្រួសារ សារអប់រំ និងបទពិសោធន៍ល្អៗដល់កុមារតូចប្រមាណ ប្រមាណ៣០០០០នាក់សម្រាប់ទាំងពីថ្ងៃនេះ។
សូមបញ្ជាក់ថាពិព័រណ៍កុមារនេះមានការតាំងបង្ហាញស្ដង់អាហាផ្សេងទៀតប្រមាណជា១៥០ក្រុមហ៊ុន និងបានរៀបចំបញ្ចុះតម្លៃពិសេសរហូតដល់៥០ភាគរយ និងផ្ដល់ជូនរង្វាន់ដោយឥតគិតថ្លៃផងដែរ។
ពិព័រណ៍ទាំងពីរថ្ងៃនេះក៏បានឲ្យឱកាសដល់កុមារី កុមារាបង្ហាញសមត្ថភាព និងទេពកោសល្យតាមរយៈការប្រកួតក្រងសក់ ច្រៀងចម្រៀង គូររូប ដើរម៉ូត សូត្រកំណាព្យ និយាយរឿងនិទាន សសេរតាមអាន និងការប្រកួតគិតលេខជាដើម៕