(ភ្នំពេញ)៖ សហគ្រិនវ័យក្មេងឆ្នើមទាំង១៥រូប ត្រូវបានរកឃើញហើយ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ និងជាម្ចាស់គ្រប់គ្រងក្រុមហ៊ុន និងអាជីវកម្មដ៏ល្បីនៅកម្ពុជា ដែលឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ដែលរៀបចំដោយ សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ។
កម្មវិធីប្រកួតប្រជែងពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជា (CYEA) នឹងជ្រើសរើសសហគ្រិនឆ្នើមចំនួន៥រូប ប្រចាំឆ្នាំ២០១៧។ សហគ្រិនជ័យលាភីទាំង៥នាក់នេះ នឹងទទួលបានពាន់រង្វាន់ចំនួន៥ផ្សេងៗគ្នារួមមាន៖ ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៧, ពាន់រង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម, ពានរង្វាន់សហគ្រិនឆ្នើមស្រ្ដី, ពានរង្វាន់សហគ្រិនវៃឆ្លាតផ្នែកបច្ចេកវិទ្យា និងពានរង្វាន់អ្នកដែលទើប នឹងចាប់ផ្ដើមអាជីវកម្ម (Start Up Award)។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៧ (Cambodian Young Entrepreneur Awards ២០១៧)នេះ គឺជាកម្មវិធីពិសេស ដែលអាចឲ្យយើងបានជួបជុំគ្នា និងជាពិសេសជាងនេះទៀត យើងបានមើលឃើញពីសក្ដានុពលកម្ពុជា ដែលបានបង្កើតឲ្យមាននូវសហគ្រិនវ័យក្មេងជាបន្ដបន្ទាប់។
ជាការកត់សម្គាល់ កម្មវិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង១៥រូបនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាការទាំងអស់ បានធ្វើការវាយតម្លៃ និងដាក់ពិន្ទុយ៉ាងសុក្រឹត្យ ជាទីបំផុត ដោយផ្អែកទៅលើលក្ខខ័ណ្ឌនៃការប្រកួតប្រជែង ព្រមទាំងលក្ខណៈពិសេស របស់បេក្ខជននីមួយៗ ដែលរួមមាន៖ ភាពឆ្លាតវៃ ភាពច្នៃប្រឌិត ថែមទាំងសមត្ថភាពពិតប្រាកដ របស់បេក្ខជនក្នុងការវិវត្តន៍ មុខជំនួយឲ្យមានការរីកចម្រើន លឿននៅក្នុងរយៈពេលខ្លីផងដែរ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលសភាយុវជនពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំការប្រកួតប្រជែងពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជានេះឡើង។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្ដាសហគ្រិនវ័យក្មេងកម្ពុជា ឲ្យមានការចូលរួមបង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ៕