(រតនគិរី)៖ អ្នកកាសែតប្រុសស្រី៤នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ចាប់ខ្លួនពាក់ព័ន្ធករណីទារលុយពីរថយន្ដសាំយ៉ុងដឹកជន្លង់ស្រកានាគ របស់ប្រជាពលរដ្ឋនោះ ត្រូវបានតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ កាលពីល្ងាចមិញពីបទកំហែងយក។ នេះបើតាមមន្រ្តីតុលាការខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ថា អ្នកកាសែតប្រុស-ស្រី៤នាក់ខាងលើនេះ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនាកន្លងទៅ ហើយការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់រថយន្តសាំយ៉ុង ដឹកជន្លង់ស្រកានាគថា ក្រុមអ្នកកាសែតទាំងនេះទារលុយ។
អ្នកកាសែតប្រុស-ស្រី4នាក់ខាងលើនេះ ទី១៖ឈ្មោះ យ៉ន ទិត្យ អង្គភាពយុវជនខ្មែរព័ត៌មាន, ទី២៖ឈ្មោះ ប៉េង សុខថារៈ អង្គភាពCPNអនឡាញ, ទី៣៖ឈ្មោះ ម៉ី ម៉េងហ៊ុយ អង្គភាពដំណឹងភ្នំពេញ និងទី៤៖ឈ្មោះ ច័ន្ទ ណារ៉ា ភេទស្រី អង្គភាពTNM អនឡាញ។
បើតាមលោកមេបញ្ជាការបន្ថែមថា លោក យ៉ន ទិត្យ ទារលុយប្រចាំខែ៥០០ដុល្លារ ក្នុងមួយខែរីឯក្រុមម្ខាងទៀត មានគ្នា៣នាក់ទារលុយពី ម្ចាស់សាំយ៉ុងដឹកជន្លង់ស្រកានាគ៦០០ដុល្លារ។ លោកបន្ថែមថា ក្រោយពីជំនាញអាវុធហត្ថសាកសួរពួកគាត់ទាំង៤នាក់ខាងលើ ហើយបានឆែកឃើញលុយដុល្លារក្លែងក្លាយសែន ចំនួន១៦សន្លឹក នៅជាប់ខ្លួនជាមួយអ្នកកាសែតឈ្មោះ ប៉េង សុខថារៈ និងឈ្មោះ ម៉ី ម៉េងហ៊ុយ ហើយបានសារភាពថាពិតជាបានទារលុយប្រាកដមែន។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ សាលាដំបូងខេត្តកំពង់ធំ បានបង្គាប់ឲ្យឃុំខ្លួនបុគ្គលិកអង្គការបរិស្ថានក្នុងស្រុកម្នាក់ និងអ្នកកាសែតម្នាក់ក្នុងពន្ធនាគារខេត្តកំពង់ធំ ជាបណ្ដោះអាសន្នដោយចោទពីបទ «កំហែងយក» ប្រាក់ពីពលរដ្ឋម្នាក់ប្រព្រឹត្តកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៧៕