(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេច អំពីតម្លៃនៃសន្តិភាព ដែលខិតខំរកបានដោយលំបាក និងអំពាវនាវដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាទាំងអស់រួមគ្នាថែរក្សាសន្តិភាព ដើម្បីឲ្យប្រទេសជាតិបន្តរីកចម្រើន បោះជំហានទៅមុខបន្តទៀត។
សម្តេចតេជោសង្កត់ធ្ងន់ថា «កសាងសន្តិភាព គឺលំបាកខ្លាំងណាស់ ប៉ុន្តែបំផ្លាញសន្តិភាព គឺងាយតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ!»។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កម្ពុជាមានសុខសន្តិភាព និងការរីកចម្រើនមកទល់សព្វថ្ងៃ ដោយមានសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំសន្តិភាព អង្គុយគិត អង្គុយធ្វើ ដើម្បីប្រជាពលរដ្ឋរស់នៅសុខស្រួល។ សម្តេចបានឆ្លងកាត់សង្រ្គាម និងគ្រោះថ្នាក់ជាច្រើនដងរហូតពិការភ្នែក ហើយស្ទើរបាត់បង់ជីវិត គឺដើម្បីរកសន្តិភាព ជូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន និងចៅៗជាទីស្រឡាញ់ទាំងអស់ ហើយសម្តេចតេជោ សុខចិត្តលះបង់អាយុជីវិតផ្ទាល់ខ្លួន ដើម្បីបានផែនដីសន្តិភាពត្រឡប់ មកវិញសម្រាប់ពលរដ្ឋ ដោយមិនស្តាយឡើយ។
Facebook សម្តេចតេជោ បានបន្ថែមទៀតថា «អ្វីដែលយើងទាំងអស់គ្នាឃើញច្បាស់នឹងភ្នែក គឺកម្ពុជាសន្តិភាព កំពុងរីកចម្រើនបោះជំហានទៅមុខ ដែលប្រជាពលរដ្ឋទូទាំងប្រទេស មានមោទនភាពចំពោះគម្រូវីរៈភាពដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា!»៕