(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យគោលដៅតាមភូមិសាស្ត្រខេត្តត្បូងឃ្មុំ រហូតដល់ព្រំដែន ដើម្បីរៀបចំការការពារសន្តិសុខ រក្សាសុវត្ថិភាព ទិវាការចងចាំដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ ឧសភា)។
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុខនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ រក្សាសុវត្ថិភាព នៃការប្រារព្ធពិធីនេះផងដែរ។
បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងការពារ ទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងការពាជាតិកម្ពុជា បានរៀបចំប្រារព្ធទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅរក ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការរៀបចំទិវានៃការចងចាំ នៃដំណើរឆ្ពោះទៅ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ព្រមទាំងនាយទាហានតាមស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទផងដែរ។
សូមរម្លឹកថា របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ក្រោមកិច្ចសហការជាមួយកងទ័ពវៀតណាម។ ការដួលរលំនៃរបបនេះ ក៏បាននាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅកម្ពុជារហូតដល់សព្វថ្ងៃ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន៕