Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេសាប ដើម្បីសម្រួលចរាចរណ៍ពេល​ស្ពានជ្រោយចង្វារចាស់​ត្រូវបិទ ជួសជុលឡើងវិញ

17-06-2017 08:12

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបាឡេមួយខ្សែ ដែលឆ្លងកាត់ទន្លេសាប ភ្ជាប់ពីផ្លូវជាតិលេខ៥ ចំណុចឃ្លាំងស្តុកប្រេងឥន្ទនៈសូគីម៉ិច ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ឆ្ពោះទៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីសម្រួលដល់បញ្ហាចរាចរណ៍ ពេលដែលអាជ្ញាធរបិទការប្រើប្រាស់ ស្ពានជ្រោយចង្វារចាស់ ដើម្បីជួសជុលឡើងវិញនោះ។ នេះបើតាមការបញ្ជាក់របស់ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ដកស្រង់សំដីដោយទីភ្នាក់ងារ AKP។

បើតាមលោក អៀង អូននី គម្រោងសាងសង់ស្ពានបណ្តោះ អាសន្ន ធ្វើពីដែកបាឡេ ឆ្លងកាត់ទន្លេសាបនេះ នឹងចាប់ផ្តើមបើកការដ្ឋាន នៅក្នុងអំឡុងខែកក្កដាខាងមុខនេះ ក្រោមការចំណាយទំាងស្រុង របស់ក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ ហើយគ្រោងប្រើរយៈពេលស្ថាបនារហូតដល់៦ខែ ដែលអាចនឹងរួចរាល់នៅដើមឆ្នាំ២០១៨។

លោកអភិបាលរង បានបញ្ជាក់ទៀតថា ស្ពានដែកបាឡេនេះ ស្ថាបនាឡើង គឺដើម្បីជួយរំដោះការ កកស្ទះចរាចរមួយផ្នែកនៅលើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន ស្របពេលដែល នៅខែសីហាខាងមុខនេះ ស្ពានជ្រោយចង្វារចាស់ នឹងបិទការធ្វើចរាចររហូត ដល់រយៈពេល២ឆ្នាំ ដើម្បីជួសជុលជាផ្លូវការ៕