(ភ្នំពេញ)៖ បន្ទាប់ពីការសួរនាំរួចមក នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វីរៈ បានចោទប្រកាន់ ទៅជនសង្ស័យ២នាក់ តំណាងក្រុមហ៊ុន Empire Big Capital Limited (EBC) ដែលត្រូវបានចាប់ខ្លួនរឿងឆបោកប្រជាពលរដ្ឋជាង៥ម៉ឺននាក់ គិតជាទឹកប្រាក់ជាង៤០០ លានដុល្លារ ក្នុងរូបភាពយកលុយទៅដាក់ ហើយបានស៊ីថ្លៃការខ្ពស់។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃនេះ បានប្រាប់អ្នកកាសែតថា «លោក ស៊ិន វីរៈ បានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ ទៅលើឈ្មោះ តេង សារឿន ពីបទឆបោក តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
កាលពីម្សិលមិញ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានឃាត់ខ្លួនជនសង្ស័យពីរនាក់ រួចបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមតាមច្បាប់។
គួរបញ្ជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ហាញមុខសញ្ញាក្រុមជនឆបោកប្រាក់ពីប្រជាពលរដ្ឋ ក្នុងវិស័យមូលបត្រ អស់ចំនួនរាប់រយលានដុល្លារ ក្នុងនោះមានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍(AIF), សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ(ICA) និងក្រុមហ៊ុន Empire Big Capital Limited (EBC) និងបុគ្គលពាក់ព័ន្ធ ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាត ហើយនិងចាត់វិធានស្រាវជ្រាវចាប់ខ្លួនយកមកវិនិច្ឆ័យទោស ។
ក្រសួងមហាផ្ទៃ នឹងចាត់ការផ្លូវច្បាប់ ចំពោះអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) ដែលមានឈ្មោះហួត សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ជាប្រធាន ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) ដែលមានឈ្មោះជិហ្គោ សាលី ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រធាន ស្នាក់នៅផ្ទះលេខ១១៤ហាសផ្លូវលេខ៥៥ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ និងក្រុមហ៊ុន Empire Big Capital Limited (EBC) ដែលមានឈ្មោះTan Tze Chin ហៅSean Tan ជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខA28455291 ជាប្រធានក្រុមហ៊ុន និងឈ្មោះឡុង សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ មានផ្ទះលេខ១៦៤ ផ្លូវ១៩ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕