(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាត់ឲ្យលោកវរសេនីយ៍ទោ វ៉ែន សំអាត នាយការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាល និងសហការី នាំយកថវិកាចំនួន៣,៣៨០ដុល្លារ និង៤,១៩០,០០០រៀល ទៅជួយឧបត្ថម្ភដល់លោកអនុសេនីយ៍ត្រី ឆាយ សុគន្ធ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
ថវិការទាំងនេះ បានមកពីការជួយឧបត្ថម្ភ របស់សប្បុរសជននានា, ថ្នាក់ដឹកនាំនៃគណៈស្នងការ និងមន្ត្រីនគរបាល ខេត្តព្រះសីហនុ ក្រោមការផ្តួចផ្តើម របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ផ្ទាល់តែម្ដង។
លោកវរសេនីយ៍ទោ វ៉ែន សំអាត បានបញ្ជាក់បន្ថែមថា ក្នុងថ្ងៃនេះផងដែរលោកស្នងការ បានចាត់ឲ្យលោកនាំយកថវិកាចំនួន១លានរៀល ទៅចូលបុណ្យ៧ថ្ងៃ សពលោក ជា វង់វិចិត្រ ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ផងដែរ។
គួរបញ្ជាក់ថា នៅពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ លោកអនុសេនីយ៍ត្រី ឆាយ សុគន្ធ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលកំពុងបំពេញភារកិច្ចយាមល្បាតនៅក្នុងមូលដ្ឋាន ហើយត្រូវក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះ យកទៅព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ តែស្ថានភាពនៅតែធ្ងន់ធ្ងរ៕