(ភ្នំពេញ)៖ ជុំវិញការប្រកាសរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅក្នុងវេទិកាវិទ្យុអាស៊ីសេរីនាពេលថ្មីៗនេះថា លោកជាបេក្ខភាព នាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះស្ថានការណ៍ផ្ទៃក្នុង របស់គណបក្សសង្រ្គោះជាតិ។
ការប្រកាសរបស់លោក សម រង្ស៊ី បែបនេះ នៅមិនទាន់មានមន្រ្តីជាន់ខ្ពស់កំពូលៗរបស់គណបក្សសង្រ្កោះជាតិណាមួយហ៊ានបញ្ជាក់ការពិតឡើយ។
ជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បណ្តាញព័ត៌មាន Fresh News បានទូរស័ព្ទសុំការបំភ្លឺពីមន្រ្តីជាន់ខ្ពស់កំពូលៗរបស់ គណបក្សសង្រ្គោះជាតិ រួមមាន៖ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ, លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា និងលោក អូ ច័ន្ទរិទ្ធ ប្រធានគណៈកម្មាធិការវិន័យ របស់គណបក្សសង្រ្គោះជាតិ ដោយបានឆ្លើយចម្លើយយ៉ាងខ្លី «សុំបង្វែឲ្យទៅសួរអ្នកនាំពាក្យគណបក្សវិញ»។
ជាមួយនោះដែរ បណ្តាញព័ត៌មាន Fresh News ក៏បានទូរស័ព្ទទៅកាន់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ, លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ, លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ, លោក យ៉ែម បុញ្ញាប្ញទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ និងលោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប៉ុន្តែទូរស័ព្ទមិនមានអ្នកលើកនោះទេ។
អ្នកវិភាគដ៏ល្បាញល្បី «បក្សីចាំក្រុង» បានលើកឡើងជុំវិញបញ្ហានេះយ៉ាងដូច្នេះថា «ប្រសិនបើអ្វីដែលលោក សម រង្ស៊ី បានប្រកាសនៅក្នុងវេទិការ របស់វិទ្យុអាស៊ីសេរីថា លោកជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៨ ហើយមិនមានថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សសង្រ្គោះជាតិហ៊ានបញ្ជាក់នោះទេ គឺមានន័យថា ការប្រកាសបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោក សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ មិនបានឆ្លងការសម្រេចរបស់គណបក្សសង្រ្គោះជាតិនោះទេ ហើយការប្រកាសដោយលោក សម រង្ស៊ី ដែលមិនមែនជាសមាជិកគណបក្សសង្រ្គោះជាតិ តាមបែបផែននេះ គឺជាការមិនឲ្យតំលៃទាល់តែសោះដល់គណបក្សសង្រ្គោះជាតិ ជាពិសេសគឺលោក កឹម សុខា ដែលកំពុងគ្រប់គ្រងអំណាចគណបក្សទាំងមូល»៕
សូមស្តាប់លោក សម រង្ស៊ី ប្រកាសនៅក្នុងវិទ្យុអាស៊ីសេរីថា លោកជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ