(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែង ដោយឃាត់ខ្លួនបានមនុស្ស៣នាក់។

លោក ចាប ឌីណា នាយរងរដ្ឋបាលសាលាខណ្ឌដូនពេញ ដែលដឹកនាំការបង្ក្រាបនេះ បានបញ្ជាក់ថា ទីតាំងបើកហ្គេមស្ថិតនៅ​​ផ្ទះលេខ310 E3 ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារថ្មី៣​ ហើយមនុស្សដែលឃាត់ខ្លួនទាំង៣នាក់នេះ មានស្ដ្រីម្នាក់ផងដែរ។

សូមជម្រាបថា ការបើកហ្គេមខុសច្បាប់ទាំងនេះ ជាការវង្វក់ស្មារតីដល់យុវជន ជាពិសេសគឺក្មេងៗសិស្សសាលា ដែលគេចមិនចូលរៀន ទៅលេងហ្គេមទាំងអស់នេះ ប៉ុន្ដែទោះយ៉ាងណា ទីតាំងហ្គេមខុសច្បាប់ក្នុងខណ្ឌដូនពេញ ក៏ដូចជា តាមបណ្ដាខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញ ត្រូវបានបង្ក្រាបជាបន្ដបន្ទាប់ផងដែរ៕