(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានការថ្លែងអំណរគុណអង្គការ JICA ដែលបានផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងដូចនេះក្នុងជំនួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មអង្គការ JICA ដែលដឹកនាំដោយ លោក Sanui Kazumasa ស្តីពីផែនការមេភស្តុភារកម្មជាតិនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
កិច្ចប្រជុំបានពិភាក្សាពាក់ព័ន្ធការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលផ្តោតជាសំខាន់ លើការបង្កើតផែនការមេភស្តុភារកម្ម និងការកសាងសមត្ថភាព របស់អគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីគោលដៅ នៃការបញ្ចប់ផែនការមេនៅខែមីនា ឆ្នាំ២០១៨។ លោកទេសរដ្ឋមន្ដ្រី បានប្រកាសផងដែរថា អង្គការ JICA និងធនាគារពិភពលោក នឹងរួមសហការគ្នាដើម្បីគាំទ្រដល់ការអភិវឌ្ឍផែនការ មេភស្តុភារកម្មជាតិ។
លោក SANUI Kazumasa បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់អង្គការ JICA ក្នុងការជួយដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគោរពតាមពេលវេលាកំណត់ ដែលបានព្រមព្រៀង៕