(ភ្នំពេញ)៖ ទារកម្នាក់ទើបតែមានអាយុ៣ខែ ស្រាប់តែមានជំងឺធ្លុះបេះដូង ហើយម្យ៉ាងទៀត កើតចំគ្រួសារក្រីក្របំផុតផងនោះ ត្រូវការជំនួយសង្គ្រោះបន្ទាន់ ដើម្បីធ្វើការវះកាត់ តាមអ្វីដែលអាចទៅរួច។
ដើម្បីកាត់បន្ថយការលំបាកខ្លះ នៅរសៀលថ្ងែទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានចាត់ឲ្យលោក ព្រហ្ម ពៅ នាំក្រុមការងារចុះសួរសុខទុក្ខដល់គ្រួសារលោក ជុត សុខុម អាយុ៥៧ឆ្នាំ នឹងលោកស្រី ឃុំ ស៊ីនួន អាយុ៣៩ឆ្នាំ ដែលជាឪពុកម្តាយទារកកំពុងកើតជំងឺដ៏ធ្ងន់បែបនេះ។
លោក ព្រហ្ម ពៅ បានឲ្យដឹងថា ប្រជាពលរដ្ឋមួយគ្រួសារនេះ មានជីវភាពក្រខ្សត់ នឹងមានកូនអាយុ៣ខែមានជំងឺរីកធ្លុះបេះដូង រស់នៅក្រុម៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានផ្តល់ជូនអំណោយ អង្ករ១បាវ ទម្ងន់៥០គីឡូក្រាម មី១កេស និងលុយចំនួន២៥០០០០៛ (ម្ភៃប្រាំម៉ឺនរៀល) ផងដែរ៕