(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ និងក្រុមការងារ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អ៊ិត សាវឿន ជាសមាជិកសមាគម និងជាអនុប្រធានសមាគមអតីតយុទ្ធជនស្រុកបរសេដ្ឋ ដែលបានទទួលមរណភាព ដោយរោគាពាធ។
សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀល ដែលជាថវិការបស់ប្រធានសមាគមបន្ថែម៥០ម៉ឺនរៀល ព្រមជាមួយសម្ភារ ឧបភោគបរិភោគមួយចំនួន សម្រាប់ទ្រទ្រង់ក្នុងកម្មវិធីបុណ្យផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា សមាគមបានសហការគ្នាតាំងពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ដើម្បីតាមដានពីស្ថានភាពសុខទុក្ខ ដល់សមាជិកអតីយុទ្ធជន ក្នុងនោះទាំងបញ្ហាគ្រួសារ និងបញ្ហាផ្សេងៗក្នុងសង្គម ក្នុងន័យជួយដោះស្រាយជូនគាត់តាមកម្រិត នៃសមាគមឲ្យបានទាន់ពេលវេលា មិនតែប៉ុណ្ណោះប្រាក់បេឡាសង្គ្រោះនេះ ប្រគល់ជូនក្នុងពិធីសពដើម្បីចាត់ចែង។
លោកប្រធានបន្តថា សមាគមអតីតយុទ្ធជននៅតាមមូលដ្ឋាន ត្រូវតែជំរុញត្រួតពិនិត្យគិតគូពីសុខទុក្ខរបស់ពួកគាត់ ឲ្យបានទៀងទាត់យ៉ាងចាំបាច់ ក្នុងនោះត្រូវគិតពីគោលរបប ការបើកប្រាក់មរណៈសង្គ្រោះឲ្យបានឆាប់ ហើយជាពិសេស នៅក្នុងពិធីបុណ្យរបស់គ្រួសារសព៕