(សៀមរាប)៖ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បាននាំយកអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកជូន ប្រជាពលរដ្ឋក្រីក្រ ៨២គ្រួសារ មកពីបណ្តាភូមិ ឃុំ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
នៅក្នុងពិធីចែកអំណោយនោះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ ។
បន្ទាប់ពីធ្វើកិច្ចទៅតាមទំនៀមទំលាប់ នៃព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្តប្រោះ ព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីវិបុលសុខគ្រប់ប្រការ ថ្វាយជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជារួចមក តាមសេចក្តីរាយការណ៍ របស់លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា បានលើកឡើងពីប្រភពអំណោយ ដែលត្រូវ ចែកជូនដល់ប្រជាពលរដ្ឋទាំង៨២គ្រួសារ ក្នុងនោះ១គ្រួសារ ដែលត្រូវទទួលបានអង្ករ ២៥គីឡូក្រាម, សារុង១ , ក្រមា១, ភួយ១, មុង១, ទឹកសុទ្ធ១យួរ និងថវិកា២ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានអាននូវសារថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធី ចម្រើនព្រះជន្មវស្សា ៨១ យាងចូល ២២ព្រះវស្សាផងដែរ។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ គឺតែងតែមានកើតឡើងជាយថាហេតុនៅគ្រប់ទីកន្លែង មិនថាឡើយនៅក្នុងប្រទេសកម្ពុជាយើងនោះឡើយ គឺនៅលើពិភពលោកទាំងមូល តែងតែមានទទួលរងផលប៉ះពាល់ ហើយវាធ្ងន់ធ្ងរ ជាងនៅប្រទេសយើងទៀតផង។
ក្នុងនាមនោះដែរ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានរំលឹកថា បញ្ហាសំខាន់គឺបងប្អូនត្រូវ មានការប្រុង ប្រយ័ត្ន នៅគ្រប់វិនាទី ថ្វីត្បិតតែយើងមិនអាចទប់ស្កាត់បាន ប៉ុន្តែយើងត្រូវមាន វិធីសាស្រ្ត ធ្វើយ៉ាងណា ការពារកុំឲ្យ មានគ្រោះថ្នាក់ដល់មនុស្ស សត្វពាហនៈ ការខូចខាតទ្រព្យសម្បត្តិ យើងអាចជួយគ្នា និង ព្យាយាមតស៊ូក្នុងការទ្រទ្រង់ ជីវភាពក្រុមគ្រួសារ។
លោកស្រី ក៏បានបញ្ជាក់ឲ្យដឹងដែរថា កាកបាទក្រហមកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបំពេញបេសកកម្មមនុស្សធម៌ មិនខ្លាចនឿយហត់ ក្នុងទឹកចិត្តមនុស្សធម៌ ជួយសង្គ្រោះ និង ជួយរំលែកទុក្ខលំបាក នៅតាមគោលដៅងាយរងគ្រោះ ដូចជាគ្រួសារក្រីក្រ ជនពិការ ចាស់ជរា ស្រីមេម៉ាយ និង ក្មេងកំព្រាចាស់ជរាគ្មានទីពឹងជាដើម សំខាន់សុខភាពស្ត្រី និងកុមារ។
លោកស្រី បានគូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រារព្ធធ្វើ ព្រះរាជ ពិធី ចម្រើន ព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធាន កិត្តិយស កាកបាទក្រហមកម្ពុជា «ទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗ គ្នា»។
ក្នុងនោះដែរ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានណែនាំបន្ថែមទាក់ទង និងសុវត្ថិភាពចរាចរណ៍ដើម្បីឲ្យ ពួកគាត់ ងាយយល់ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរ ដូចជាការពាក់មួកការពារសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ ក្នុងអត្ថន័យដើម្បីបង្កើនសុវត្ថិភាពជួយទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជារៀងរាល់ថ្ងៃ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវការកែទម្រង់យ៉ាងស៊ីជម្រៅ លើការ គ្រប់គ្រង សុវត្ថិភាពចរាចរណ៍ ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងសូមឲ្យបងប្អូនជាស្ត្រី ត្រូវយកចិត្ត ទុកដាក់ខ្ពស់ ចំពោះ សុខភាពមាតា និងទារក នៅពេលកូនៗរបស់ខ្លួន មានកើតជំងឺ ត្រូវនាំទៅពិនិត្យ ព្យាបាល នៅតាម មណ្ឌលសុខភាព ដែលនៅជិតមូលដ្ឋានខ្លួន និង តរូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយ បច្ចុប្បន្ន ការបម្រែ បម្រួល អាកាសធាតុ បានធ្វើឲ្យយើងជួបនូវប្រធានស័ក្តិ ពីបាតុភូតធម្មជាតិ ដូច្នេះនូវមានបញ្ហាណាមួយ កើតឡើងពីធម្មជាតិ សូមបងប្អូនត្រូវការរត់រកទីកន្លែងដែលមានសុវត្ថិភាពផងដែរ៕