(ភ្នំពេញ)៖ អគារការិយាល័យរ៉េនទ្រី (Raintree) ជាអគារដ៏ថ្មីស្រឡាង ដែលមានការរចនាច្នៃប្រឌិតខ្ពស់ ទើបនឹងទទួលបានពានរង្វាន់ជា «អគារការិយាល័យល្អបំផុតនៅកម្ពុជា» ក្នុងឆ្នាំ២០១៧ ពីការប្រកួតពានរង្វាន់អចលនទ្រព្យអន្តរជាតិហៅកាត់ថាIPA ដែលគម្រោងនេះ តំណាងកម្ពុជា ទៅចូលរួមប្រកួតជាមួយបណ្ដាប្រទេសជាច្រើនទៀតនៅ អាស៊ីប៉ាស៊ីហ្វិក។
IPA ត្រូវបានបង្កើតឡើងដំបូងនៅចក្រភពអង់គ្លេស និងបានប្រគល់ពានរង្វាន់ជូនក្រុមហ៊ុនអចលនទ្រព្យអស់រយៈពេល២៥ឆ្នាំមកហើយ ដែលមានការចូលរួមប្រកួតពីបណ្ដាប្រទេសនានា នៅជុំវិញពិភពលោកប្រមាណជាង១០០ប្រទេស។ ការប្រកួតពានរង្វាន់នេះ មានការចូលរួមវាយតម្លៃ ពីគណៈកម្មការជាន់ខ្ពស់ របស់សហពន្ធ័អចលនទ្រព្យចក្រភពអង់គ្លេស និងបណ្ដាក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ លំដាប់កំពូលៗ ជាច្រើនផ្សេងទៀត។
អគាររ៉េនទ្រី ស្ថិតនៅចំណុចកណ្ដាល នៃតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលទើបតែត្រូវបានសាងសង់រួចរាល់ ក្នុងពេលថ្មីៗនេះ និងបានជួលអស់ប្រមាណជា៨០%ហើយ។ អតិថិជនបច្ចុប្បន្នរបស់អគាររ៉េនទ្រី គឺមានលក្ខណចម្រុះ ដែលមានទាំងក្រុមហ៊ុន ក្នុងស្រុកនិងអន្តរជាតិ ដូចជា ក្រុមហ៊ុន Microsoft, Imperial, និង Havas Riverorchid ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.raintreecambodia.com៕