(កំពង់ធំ)៖ សប្បុរសជនសិង្ហបុរី នៃមូលបិធិ Doors of Sadaqah បាននាំយកអំណោយកញ្ចប់អាហារឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិត្រពាំងឈូក និងភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន២០០គ្រួសារ។
អំណោយដែលផ្ដល់ជូន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងមួយគ្រួសារបានទទួលអង្ករ១០គីឡូ ទឹកដោះគោខាប់៤កំប៉ុង ត្រីខ៤ ប្រេងឆា ១លីត្រ ស្ករស២គីឡូ ថ្នាំដុសធ្មេញ១ សាប៊ូបោកខោអាវ២កញ្ចប់ សាប៊ូដុះខ្លួន៤ដុំ ក្នុងនោះដែរ SGQURBAN បានឧបត្ថម្ភកន្សែងពោះគោមួយគ្រួសារមួយផងដែរ។
ជាមួយគ្នានោះ Doors of Sadaqah រួមជាមួយ SGQURBAN បានឧប្ថម្ភថវិការជូនដល់កុមារកំព្រា១១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២៥ដុល្លាផងដែរ។
លោកស្រី FATINSURIYATI SIDIK និងលោក MOUZZAMMIL MELIYEKAL ប្រធានអង្គការសប្បុរសជនទាំង២ បានលើកឡើងថា តាំងនាមម្ចាស់ជំនួយ បាននាំការផ្ញើសួរសុខទុក្ខពីសប្បុរសជន ហើយសុំឲ្យអ្នកទទួលបានការឧបត្ថម្ភជួយបួងសួងសុំសេចក្តីសុខចម្រើនកើតមានដល់ម្ចាស់ជំនួយ ដើម្បីបានឪកាសមកជួបបងប្អូនទៀត ជាមួយនឹងការនាំយកអំណោយនានាឧប្ថម្ភជូនបងប្អូនបន្តទៀត។
លោកស្រី កុប ម៉ារីយ៉ាស់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងរបស់ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលជាអង្គការដៃគូក្នុងស្រុក បានកោតសរសើរកិច្ចខំប្រឹងប្រែង របស់ភាគីម្ចាស់ជំនួយពីសិង្ហបុរី ដែលជានិច្ចកាលតែងតែបាននាំនូវអំណោយមនុស្សធម៌នានា មកកាន់សហគមន៍ឥស្លាមនៅកម្ពុជា៕