(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ផលិតកម្មមហាហង្ស មានចំណាយទុនដ៏ច្រើនបន្ថែមទៀត ដើម្បីផលិតភាពយន្តភាគថ្មីមួយ មានចំណងជើងថា «មរតកចុកឈាម» ដើម្បីដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ បន្ទាប់ពីរឿងបញ្ចាំងកន្លងមកទទួលបានជោគជ័យ ខណៈរឿងថ្មីនេះ ត្រូវបានថៅកែផលិតកម្ម អះអាងថា ចំណាយទុនផលិតជាង១០ម៉ឺនដុល្លារ ព្រោះតែសាច់រឿងត្រូវផលិតឡើង ផ្ដោតសំខាន់លើគុណភាព និងមានតួសម្ដែងល្បីៗ។
រឿង «មរតកចុកឈាម» ត្រូវបានរៀបចំពិធីក្រុងពាលីចេញថតជាផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិគ្រឹះរបស់ចាងហ្វាងផលិតកម្មមហាហង្សផ្ទាល់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំផលិតកម្ម, អ្នកនិពន្ធ, អ្នកដឹកនាំសម្ដែង, ក្រុមការងារ និងតារាសម្ដែងជាច្រើននាក់។
លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «មហាហង្ស» បានថ្លែងប្រាប់ឲ្យដឹងថា ភាពយន្តភាគរឿង «មរតកចុកឈាម» ជាប្រភេទរឿងបែបមនោសញ្ចេតនា ស្នេហា កាច់កុងគ្នា ឌឺដង ឈ្នានីស និងការដណ្ដើមកេរមរតករបស់ឪពុកម្ដាយ ដែលបន្សល់ទុកឲ្យកូនៗ។ រឿងនេះមានភាពទាក់ទាញ នៅត្រង់ថា ផ្ទៃរឿងបានអប់រំដល់មនុស្សសម័យថ្មី ឲ្យយល់ដឹងពីការស្រឡាញ់ រាប់អានបងប្អូន ព្រោះដោយសារតែសម័យបច្ចេកវិទ្យាជឿនលឿន និងមើលឃើញតែលុយជាធំ ធ្វើឲ្យមនុស្សឃ្លាតឆ្ងាយពីការរាប់អានគ្នា សូម្បីតែបងប្អូនបង្កើត ក៏ត្រូវរងគ្រោះ ព្រោះរឿងនេះដែរ។
ចាងហ្វាងផលិតកម្មដដែលបន្តថា រឿង«មរតកចុកឈាម» មានរសជាតិប្លែកៗជាច្រើន ហើយការផលិត គឺត្រូវបានសម្រិតសម្រាំងឡើងយ៉ាងពិសេស ដោយប្រើដើមទុនមិនក្រោម១០ម៉ឺនដុល្លារ ពោលគឺមិនឲ្យចាញ់រឿងមុនៗនោះទេ ព្រោះផលិតកម្ម មានបទពិសោធច្រើនណាស់មកហើយ ក្នុងការផលិតភាពយន្ត។ រឿង «មរតកចុកឈាម» នឹងត្រូវប្រើរយៈពេលថតចំនួន៣ខែ មានចំនួន៤៦ភាគ ហើយនឹងត្រូវដាក់បញ្ចាំងភ្លាមៗ ក្រោយពេលថតចប់។
សូមបញ្ជាក់ថា ភាពយន្តភាគរឿង «មរតកចុកឈាម» មានការចូលរួមសម្ដែង ដោយតារាល្បីៗជាច្រើនដួង រួមមាន កញ្ញា ណាក់ ស្រីណា តួឯកស្រី, លោក ហង្ស សម្បើមស័ក្តិ តួឯកប្រុស, លោក ហម ឈរ៉ា, អ្នកនាង ចាន់ តារាទី, លោក ញ៉ាណ សុវណ្ណនីត, កញ្ញា ស៊ិន ផាន ផាភួង, កញ្ញា ធី វ៉ានីវ៉ា , លោក ភឹម តារាវិបុល, លោក លឹម រដ្ឋា, អ្នកនាង ប៉េង ប៉ោង ព្រមទាំងតារាល្បីៗជាច្រើនទៀត៕